
ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់បងប្អូនកម្មករ កម្មការិនី រោងចក្រ ដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេលកន្លងមកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តុះវិជ្ជាជីវៈ នឹងរៀបចំនូវព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនៅក្នុងទីតាំង «បុរីកម្មករ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ» នាថ្ងៃសុក្រ ទី១៧ ខែមីនា នេះ ដោយមានរោងចក្រ សហគ្រាសធំៗចំនួន៥ ចូលរួមជ្រើសរើសកម្មករ កម្មការិនីជាង ៥ពាន់នាក់។
គួរបញ្ជាក់ផងដែរថា ការរៀបចំវេទិកាការងារនេះ គឺជាអន្តរាគមន៍ដោះស្រាយការងារ បន្ទាន់មួយទៀត របស់រាជរដ្ឋាភិបាល ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់បងប្អូនកម្មករ កម្មការិនីយើងឲ្យឆាប់ទទួលបាន ការងារថ្មីឡើងវិញ ដើម្បីរក្សាលំនឹងជីវភាព និងប្រាក់ចំណូលរបស់បងប្អូន កម្មករ កម្មការិនី បន្ថែមពីលើការទទួលបាន នូវការគាំពារតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដូចអំឡុងពេល នៃការព្យួរកិច្ចសន្យាការងារក្នុងពេលរីករាលដាលជំងឺកូវីដ។
ព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនេះ នឹងត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ, មន្ទីរការងារខេត្តកំពង់ស្ពឺ និងអជ្ញាធរមូលដ្ឋាន ដើម្បីជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ពិសេសបងប្អូនកម្មករ កម្មការិនី ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល។
បន្ថែមលើនេះ NEA បាន និងកំពុងរៀបចំបញ្ជូនមជ្ឈមណ្ឌលការងារ ចល័ត ដើម្បីចុះទៅផ្សព្វផ្សាយផ្ទាល់ដល់ មូលដ្ឋានដែលបងប្អូនកម្មករ កម្មការិនីកំពុងរស់នៅដើម្បី កៀរគរឲ្យមានការចូលរួមកាន់តែច្រើន និងឆាប់ទទួលបាន ការងារថ្មីតាមរយៈព្រឹត្តិការណ៍នេះ។
ដូច្នេះ សូមបងប្អូនកម្មករ កម្មការិនី ដែលចង់បានការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ កុំភ្លេចត្រៀមចូលរួមឲ្យបានរួសរាន់ ដើម្បីដាក់ពាក្យស្វែងរកការងារធ្វើជាមួយបណ្តារោងចក្រ សហគ្រាសដែលកំពុងមាន តម្រូវការជ្រើសរើសកម្លាំងពលកម្មជាច្រើននាក់៕



