
អន្ដរជាតិ៖ ក្រុមមេបញ្ជាការសហរដ្ឋអាមេរិកដឹកនាំសមយុទ្ធប្រឆាំងអំពើភេរវកម្មប្រចាំឆ្នាំនៅអាហ្វ្រិកខាងលិច បានជំរុញឲ្យបណ្តាប្រទេសតាមតំបន់ឆ្នេរទាំងអស់នេះ ចេះពឹងកម្លាំងខ្លួនឯងដើម្បីទប់ទល់ជាមួយនឹងក្រុមបះបោរអ៊ីស្លាម ជាជាងទៅពឹងកម្លាំងមិនមែនជាលោកខាងលិច ពោល គឺរយៈពេល ១ឆ្នាំ ក្រោយប្រទេសម៉ាលី ជួលទាហានស៊ីឈ្នូលរុស្ស៊ីជួយពួកគេប្រយុទ្ធជាមួយក្រុមជីវពល។
ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក កាន់តែប្រកបដោយអរិភាពខ្លាំងជាងមុន ចាប់តាំងពីទីក្រុងម៉ូស្គូ បើកការវាយលុកទៅលើអ៊ុយក្រែនកាលពីរយៈពេលជាង ១ឆ្នាំមុន ហើយទីក្រុងវ៉ាស៊ីងតោន និងសម្ព័ន្ធមិត្តរបស់ពួកគេ បានជំទាស់ដាច់ណាត់ចំពោះឥទ្ធិពលរុស្ស៊ីនៅអាហ្វ្រិកខាងលិច។ អំឡុងសមយុទ្ធយោធាក្នុងខែនេះ នៅតំបន់ភាគខាងជើងប្រទេសហ្គាណា ក្រុមមេបញ្ជាការអាមេរិក បានជំរុញឲ្យទាហានចែករំលែកលេខទូរស័ព្ទជាមួយសមភាគីបរទេសកំពុងប្រតិបត្តិការតាមតំបន់ព្រំដែន ដែលមានចម្ងាយប៉ុន្មានគ.ម ពីគ្នាប៉ុណ្ណោះ៕
