
ភ្នំពេញ៖ អ្នកវិទ្យាសាស្ត្រ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងដៃគូ មកពីកម្ពុជា ហ្វីលីពីន វៀតណាម បង់ក្លាដែស និងឥណ្ឌា បានជួបប្រជុំពិភាក្សាគ្នា ដើម្បីប្រមូលធាតុចូលសម្រាប់តម្រង់ទិសការអនុវត្តនាពេលអនាគតឱ្យចំគោលដៅ ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ក្នុងបរិបទការប្រែប្រួលអាកាសធាតុ ការធ្វើទំនើបកម្មវិស័យកសិកម្ម និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
ដើម្បីពង្រឹងយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងលទ្ធផលរបស់ខ្លួន កម្មវិធីគំនិតផ្តួចផ្តើមសម្ព័ន្ធ នៃមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មអន្តរជាតិ (CGIAR) ស្តីពីតំបន់ដីសណ្តអាស៊ី(AMD) បានបើកសិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំង និងការរៀបចំផែនការ នៅទីនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់១៧ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងផ្តល់ឱកាសសម្រាប់ដៃគូជាតិ និងអ្នកវិទ្យាសាស្ត្រ OneCGIAR ដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងសមិទ្ធផលនៃតំបន់ដីសណ្តអាស៊ី នៅក្នុងប្រទេសជាអាទិភាពមួយចំនួន ដូចជាបង់ក្លាដែស កម្ពុជា និងវៀតណាម។
នៅក្នុងពិធីបើកសិក្ខាសាលា លោកជំទាវបណ្ឌិត ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង អំពីបញ្ហាប្រឈមនៃកំណើនតម្រូវការស្បៀងអាហារនាពេលអនាគត ខណៈដែលផលិតកម្មស្បៀងនៅមានកម្រិត និងការប្រឈមជាច្រើនដូចជាការថយចុះជីជាតិដី ទឹក ថាមពល និងធនធាននានា ដូច្នេះការបង្កើននូវផលិតភាពស្បៀង គឺជាកត្តាចាំបាច់ តាមរយៈកិច្ចសហប្រតិបត្តិការនិងការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍនកសិកម្ម ការអនុវត្តបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ ការធ្វើទំនើបកម្មវិស័យកសិកម្ម ការធ្វើពិពិធកម្មកសិកម្ម ការផលិតដោយផ្តោតលើគុណភាពនិងកំណើនតម្លៃផលិតផលដោយការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព ការធ្វើប្រព័ន្ធកសិកម្មដោយការដាំដុះចម្រុះស្រូវជាមួយត្រី បន្លែ ដំណាំហូបផ្លៃដើម្បីជំរុញកំណើនផលិតភាពកសិកម្ម ប្រាក់ចំណូល ព្រមទាំងនិរន្តរភាពជីវះចម្រុះ បរិស្ថាន និងសេដ្ឋកិច្ច។
លោកបណ្ឌិត ហ្សង់ បាលីអេ នាយកមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មអន្តរជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វីក បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមស្តីពីតំបន់ដីសណ្តអាស៊ី មានគោលបំណងសំខាន់គឺបង្កើតភាពធន់ បរិយាប័ន និងបង្កើនផលិតភាពកសិកម្មនៃតំបន់ដីសណ្ត តាមរយះការដោះស្រាយនូវបញ្ហាប្រឈមមានលក្ខណះជាប្រព័ន្ធ ពង្រីកវិសាលភាពនៃការផ្លាស់ប្តូរនិងទទួលយកបច្ចេកវិទ្យានិងការអនុវត្តនៅក្នុងសហគមន៍មូលដ្ឋាន ថ្នាក់ជាតិ និងថ្នាក់តំបន់។
តាមលោកបណ្ឌិត អូឡេ សានឌ័រ អ្នកដឹកនាំគម្រោងស្តីពីតំបន់ដីសណ្ត បានបញ្ជាក់បន្ថែមថា គម្រោងនេះ បាននិងកំពុងគាំទ្រយុទ្ធសាស្ត្របន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ហើយយើងកំពុងអនុវត្តនៅក្នុងខេត្តតំបន់ដីសណ្តចំនួន៤ មានខេត្តកណ្តាល តាកែវ ព្រៃវែង និងស្វាយរៀង តាមរយះសម្ព័ន្ធភាពការសិក្សា ការរៀបចំផែនទីឆ្លាតវៃអាកាសធាតុនិងផែនការបន្សាំ ការលើកកម្ពស់កិច្ចអន្តរាគមន៍ផ្នែកអាហារូបត្ថម្ភ ការប្រឹក្សានិងការធ្វើតេស្តសាកល្បងផ្នែកអាកាសធាតុឌីជីថល និង ការបង្កើតស្តង់ដារគម្រូ បរិយាប័នសង្គម និងគាំទ្រការអភិវឌ្ឍផ្អែកលើមូលដ្ឋាននិងតម្រូវការជាក់ស្តែង៕






