អាមេរិក៖ លោកស្រី ការីសា អេទីនណេ ប្រធានអង្គការសុខភាពអាមេរិក (PAHO) បាននិយាយកាលថ្ងៃពុធថា ការរីករាលដាលឆ្លងសកលជំងឺ COVID-19 កំពុងកើនឡើងខ្លាំង ជាហេតុធ្វើឲ្យការទទួលបានវ៉ាក់សាំង និងវិធានការការពារដ៏មានប្រសិទ្ធភាពសំខាន់ចាំបាច់ ក្នុងការជួយឲ្យមានការផ្លាស់ប្ដូររលកដ៏គ្រោះថ្នាក់ទាំងនេះ។
លោកស្រី ការីសា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា តំបន់របស់ពួកយើងនៅមិនទាន់ឆ្ងាយ ពីការរីករាលដាលឆ្លងសកលនៅឡើយទេ។ នៅតាមប្រទេសជាច្រើនក្នុងតំបន់អាមេរិកខាងត្បូង ការរីករាលដាលឆ្លងសកលស្ថិតក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ អាក្រក់ជាងអ្វីដែលពួកយើងបានជួបកាលពីឆ្នាំ២០២០។ លោកស្រីបន្តថា នេះបញ្ជាក់បានថា ពួកយើងអាចយកឈ្នះការរីករាលដាលឆ្លងសកលបាន ជាមួយនឹងការទទួលបានការចាក់វ៉ាក់សាំងដោយសមធម៌ និងឆាប់រហ័ស ហើយនឹងវិធានការការពារប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការរីករាលដាលឆ្លងសកលវីរុសដ៏កាចសាហាវមួយនេះ មិនត្រឹមតែមិនទាន់ផុតរលត់ប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងកើនឡើងខ្លាំងថែមទៀតផង។
ក្នុងរយៈពេល ១សប្ដាហ៍កន្លងមកនេះ មនុស្សជាង ១.៤លាននាក់បានឆ្លងជំងឺ COVID-19 នៅទូទាំងតំបន់ និងមនុស្សជាង ៣៦.០០០នាក់បានស្លាប់ ក្នុងនោះមនុស្សម្នាក់ក្នុងចំណោម ៤នាក់នៅទូទាំងពិភពលោកបានស្លាប់នៅតំបន់អាមេរិក។ លោកស្រី ការីសា បាននិយាយផងដែរពីករណីឆ្លងថ្មីនៅកាណាដា ដែលមានចំនួនច្រើនជាងតួលេខនៅអាមេរិកជាលើកដំបូង ចាប់តាំងពីការចាប់ផ្ដើមការរីករាលដាលឆ្លងសកល ក៏ដូចជាករណីឆ្លងហក់ឡើងខ្ពស់នៅទូទាំងតំបន់ការ៉ាអ៊ីប និងអាមេរិកកណ្ដាល ហើយនឹងករណីឆ្លងហក់ឡើងខ្ពស់នៅអាមេរិកឡាទីន៕
អត្ថបទ៖ សារ៉ាត់