រុស្ស៊ី៖ លោកប្រធានាធិបតីស៊ីរី Bashar al-Assad កាលពីថ្ងៃពុធបានផ្ដល់ការគាំទ្ររបស់លោកចំពោះលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងជម្លោះនៅប្រទេសអ៊ុយក្រែន។ យោងតាមការបកប្រែជាភាសារុស្ស៊ីនៅឯជំនួបផ្សាយតាមទូរទស្សន៍ជាមួយលោក Putin នៅក្នុងវិមានក្រឹមឡាំង លោក Assad បាននិយាយថា ប្រទេសរុស្ស៊ីបានកំពុងប្រយុទ្ធប្រឆាំងនឹងរបបណាស៊ីសបែបថ្មី និងណាស៊ីសចាស់។

ដោយពុំបានផ្ដល់ភស្តុតាង លោក Assad បាននិយាយថា លោកខាងលិចបានសាបព្រួសរបបណាស៊ីសចាស់ ហើយពេលនេះកំពុងគាំទ្ររបបមួយនេះ។ ទីក្រុង Kyiv និងលោកខាងលិចនិយាយថា ការចោទប្រកាន់របស់រុស្ស៊ីដែលថា ប្រទេសអ៊ុយក្រែនបានក្លាយជាកន្លែងដ៏កក់ក្ដៅនៃរបបណាស៊ីនិយម និងជំងឺខ្លាចរុស្ស៊ីគឺជាលេសគ្មានមូលដ្ឋាន សម្រាប់ការបង្កសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។
លោក Assad បានថ្លែងអំណរគុណដល់លោក Putin សម្រាប់ការគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ដោយគូសបញ្ជាក់ថា ការគាំទ្ររបស់វិមានក្រឹមឡាំងលើស៊ីរីនៅតែរឹងមាំ ទោះកំពុងជាប់ដៃវាយប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ។ ជំនួបរវាងលោក Assad និងលោក Putin នៅទីក្រុង Moscow បានកើតឡើង ខណៈដែលស៊ីរីប្រារព្ធខួប ១២ឆ្នាំចាប់តាំងពីផ្ទុះការបះបោរប្រឆាំងរបបរបស់លោក Assad ចាប់តាំងពីឆ្នាំ២០១១៕
អត្ថបទ៖ សុខមាន