បាល់ទាត់៖ មិនមានអភិនីហារកើតឡើងទេនៅទឹកដី Santiago Bernabeu យប់មិញនេះ ខណៈ Real Madrid បន្តយកឈ្នះ Liverpool ១-០ ទៀតនៅជើងទី ២ ដើម្បីឡើងវគ្គ ៨ ក្រុមចុងក្រោយ UEFA Champions League ជាមួយនឹងលទ្ធផលសរុបទាំងពីរជើង ៦-២។

បីរដូវកាលជាប់គ្នាហើយដែល Liverpool ធ្លាក់ពី UCL ក្រោមស្នាដៃ Real Madrid ពោលគឺរដូវកាលមុន Liverpool ចាញ់នៅវគ្គផ្តាច់ព្រ័ត្រ និងរដូវកាល ២០២០-២១ ចាញ់នៅវគ្គ ៨ ក្រុមចុងក្រោយ។ បន្ទាប់ពីវាយបកយកឈ្នះ ៥-២ នៅទឹកដី Anfield កាលពីជើងទី ១ Real Madrid មិនបកក្រោយឡើយដោយរកបានគ្រាប់ជ័យជំនះជើងទី ២ នេះនៅនាទីទី ៧៨ ដោយខ្សែប្រយុទ្ធបារាំង Karim Benzema។

ក្រុមរបស់លោក Jurgen Klopp អាចនឹងចាញ់ច្រើនគ្រាប់ជាងនេះ ប្រសិនគ្មានវត្តមានអ្នកចាំទីប្រេស៊ីល Allison Becker ពោលគឺឱកាសស៊ុតចំគោល ៨ លើករបស់ Real Madrid ត្រូវបានរារាំងដោយអ្នកចាំទីវ័យ ៣០ឆ្នាំរូបនេះ។ Darwin Nunez មានឱកាសមុន និងគួរតែអាចបើកការនាំមុខឱ្យ Liverpool ទៅហើយតាំងពីនាទីទី ៦ តែរារាំងដោយ Thibaut Courtios។ យ៉ាងណាក្តីក្រុមរបស់លោក Carlo Ancelotti បន្តដំណើរស្វែងរកពាន UCL លើកទី ១៥ ដោយឡើងវគ្គ ៨ ក្រុមចុងក្រោយលើកទី ១៩ រង់ចាំការចាប់ផ្តើមបែកចែកគូប្រកួតនៅថ្ងៃសុក្រស្អែកនេះ៕
អត្ថបទ៖នាង សុភាវុធ