ភ្នំពេញ៖ មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន សហគ្រាសចំនួន១១ ដោយផ្តល់ឱកាសការងារចំនួនប្រមាណ ៨៨៨កន្លែង ជូនដល់អ្នកកំពុងស្វែងរកការងារធ្វើ នៅក្នុងកម្មវិធីវេទិកាការងារ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ។
ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្មទាំង១១នេះ រួមមានក្នុងវិស័យហិរញ្ញវត្ថុ ផ្សារទំនើប ស្ថានីយប្រេងឥន្ធនៈ និងសេវាកម្មជាដើម។ សម្រាប់អ្នកដែលមានបំណងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរបទពិសោធន៍ការងារ គ្រាន់តែកាន់ប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឲ្យបានសមរម្យ ដើម្បីត្រៀមជួបសម្ភាសន៍ផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំទាំងនោះនៅវេទិកាការងារតែម្តង ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។
សូមបញ្ជាក់ថា វេទិកាការងារ បានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគតឲ្យមានឱកាសបានជួបជាមួយអ្នកកំពុងស្វែងរកការងារដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន សហគ្រាស និងសម្រេចផែនការរបស់ភាគីនិយោជក។






