អឺរ៉ុប៖ ភាគហ៊ុននៅក្នុងធនាគារ Credit Suisse បានដាំក្បាលចុះ និងបានទាញទម្លាក់ធនាគារផ្ដល់ប្រាក់កម្ចីសំខាន់ៗផ្សេងទៀតរបស់សហភាពអឺរ៉ុប ខណៈក្ដីបារម្ភអំពីបញ្ហាកាន់តែធ្ងន់ធ្ងរនៅក្នុងប្រព័ន្ធធនាគារពិភពលោកបានរាលដាល ក្រោយការដួលរលំធនាគារអាមេរិក។

ភាគហ៊ុនធនាគារ Credit Suisse បានធ្លាក់ជាង ១ភាគ៤ នៃតម្លៃជួញដូររបស់ខ្លួនកាលពីថ្ងៃពុធដែលធ្លាក់ចុះកាន់តែខ្លាំង បន្ទាប់ពីម្ចាស់ភាគហ៊ុនធំបំផុតរបស់ធនាគារស្វីស គឺធនាគារជាតិអារ៉ាប៊ីសាអ៊ូឌីតបានប្រាប់សារព័ត៌មាននានាថា ខ្លួននឹងមិនបោះទុនប្រាក់បន្ថែមទៀតចូលក្នុងធនាគារនេះទេ ដែលបង្កឡើងដោយបញ្ហាជាច្រើនជាយូរមកហើយ មុនធនាគារអាមេរិកដួលរលំទៅទៀត។ ភាពរំជើបរំជួលនេះបណ្ដាលឲ្យផ្អាកដោយស្វ័យប្រវត្តិ ក្នុងការជួញដូរភាគហ៊ុនរបស់ធនាគារ Credit Suisse នៅទីផ្សារក្នុងប្រទេសស្វីស និងធ្វើឲ្យរង្គោះរង្គើដល់ធនាគារអឺរ៉ុបដទៃទៀត ខ្លះធ្វើឲ្យធ្លាក់ចុះដល់តួលេខ ២ខ្ទង់។
ភាពចលាចលនេះបានបង្កឲ្យមានក្ដីបារម្ភថ្មីអំពីសុខភាពរបស់ស្ថាប័នហិរញ្ញវត្ថុ ក្រោយការដួលរលំធនាគារ Silicon Valley Bank និងធនាគារ Signature Bank នៅក្នុងសហរដ្ឋអាមេរិក។ ធនាគារ Credit Suisse បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងខ្ចីប្រាក់ចំនួន ៥៤ពាន់លានដុល្លារអាមេរិកពីធនាគារកណ្ដាលស្វីស ដើម្បីបង្កើនទុន និងស្ដារទំនុកចិត្តរបស់ក្រុមវិនិយោគិន ក្រោយធ្លាក់ចុះភាគហ៊ុនដែលនាំឲ្យមានក្ដីបារម្ភពីវិបត្តិហិរញ្ញវត្ថុសកល៕
អត្ថបទ៖ សុខមាន