បាល់ទាត់៖ រដូវកាលដ៏អស្ចារ្យរបស់ក្លិបអ៊ីតាលី Napoli នៅតែបន្ត ក៏ដូចជាទម្រង់លេងដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Victor Osimhen ក៏នៅតែបន្ត បន្ទាប់ពីរកបានពីរគ្រាប់ទៀតឱ្យ Napoli យកឈ្នះ Frankfurt ៣-០ និងសរុបទាំងពីរជើង ៥-០ ឡើងវគ្គ ៨ ក្រុមចុងក្រោយ UEFA Champions League ជាលើកដំបូង។

ក្រុមរបស់លោក Luciano Spalletti ដែលកាន់ពីរគ្រាប់ចំនេញបានមកពីជ័យជំនៅនៅទឹកដីអាល្លឺម៉ង់នោះ បានបន្តបើកការនាំមុខទៀតនៅទឹកដីរបស់ខ្លួនដោយ Victor Osimhen នៅចុងវគ្គទី ១ និងដើមវគ្គទី ២ មួយគ្រាប់ទៀត មុនពេលដែល Piotr Zielinski ស៊ុតបាល់ពិន័យ ១១ ម៉ែត្រឱ្យ Napoli យកឈ្នះ ៣-០។ គិតមកដល់ពេលនេះកីឡាករវ័យ ២៤ឆ្នាំនីហ្សេរីយ៉ា Victor Oshimhen រកបានសរុប ២៣គ្រាប់ហើយក្នុងរដូវកាលនេះជាមួយ Napoli និងបានបង្កើនការចាប់អារម្មណ៍ពីបណ្តាក្លិបនៅ English Premier League រួមមាន Manchester United និង Chelsea ជាដើម។

Frankfurt ក៏មានឱកាសក្បែរទីរបស់ Napoli ដែរ ជាពិសេសឱកាសស៊ុតបាល់ ១១ម៉ែត្រតែ Daichi Kamada ធ្វើមិនបានសំរេច។ ជាមួយនឹង ១៨ពិន្ទុនាំមុខដាច់នៅក្របខណ្ឌអ៊ីតាលី Serie A នៅពេលនេះ Napoli នឹងបន្តដំណើរផ្សងព្រេងក្នុងរដូវកាលដ៏អស្ចា្យរបស់ខ្លួននៅវគ្គ ៨ ក្រុមចុងក្រោយ UCL ដោយនឹងត្រូវរង់ចាំជួបគូប្រកួតពីការចាប់ឆ្នោតនៅថ្ងៃសុក្រស្អែកនេះ ខណៈក្លិបអ៊ីតាលីរដូវកាលនេះមានមុខដល់ទៅបីបូករួមទាំង Inter Milan និង AC Milan៕
អត្ថបទ៖នាង សុភាវុធ