
ភ្នំពេញ៖ ខណៈបុណ្យចូលឆ្នាំជិតឈានមកដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវជំរុញឱ្យយុវជនលេងល្បែងប្រជាប្រិយ ឬរាំលេងកម្សាន្តជាមួយបទប្រពៃណីខ្មែរយើង ខណៈដែលយុវជនបច្ចុប្បន្ន សឹងភ្លេចក្បាច់រាំប្រពៃណី ចូលចិត្តតែបទញាក់ៗជាដើមនោះ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នៅព្រឹកថ្ងៃទី១៦មីនានេះ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានឆ្លៀតដាស់តឿនដល់យុវវ័យឱ្យលេងល្បែងប្រជាប្រិយ ឬរាំលេងកម្សាន្តជាមួយបទប្រពៃណីខ្មែរយើង ដោយមិនត្រូវភ្លេចដែលនាំឱ្យឈានទៅបាត់បង់នោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ឥឡូវនេះជាសម័យឌីស្កូ យុវជនគេចូលចិត្តតែឌីស្កូ អ៊ីចឹងគួរតែជំរុញបញ្ហានេះនៅតាមសាលារៀននិងមិនគ្រាន់តែនៅតាមសាលាទេ ព្រោះមិនមានអ្នកទៅចូលឆ្នាំតាមសាលា ប៉ុន្តែក៏គួរតែបង្ហាត់បង្ហាញអំពីក្បួនខ្នាតនេះនៅតាមសាលាផងដែរ។
សម្តេចបន្តថា ទោះជាយ៉ាងណា គប្បីមានការតម្រង់ទិសសម្រាប់អ្នកដែលទៅលេងកន្លែងនេះ កន្លែងនោះ ឬតាមវត្តអារាមជាដើម ហើយនៅតាមវិទ្យុ និងទូរទស្សន៍ ក៏អាចជាចំណែកមួយក្នុងការជួយផងដែរ ដូចជាការបង្ហាញនៅក្នុងឈុតឆាកដែលបានលេងដូចជាការបោះអង្គុញចោលឈូង ឬស្តេចចង់ជាដើម៕