
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់មន្រ្ដីទាំងឡាយ មុននឹងផ្ញើឯកសារផ្សេងៗមកសម្ដេចចុះហត្ថលេខា ត្រូវពិនិត្យអក្ខរាវិរុទ្ធឱ្យបានច្បាស់លាស់ជាមុនជៀសវាងចុះហត្ថលេខាហើយទើបមើលឃើញកំហុសដដែលនោះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦ នាក់ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ បានផ្តាំផ្ញើដល់រដ្ឋមន្ត្រីមួយចំនួន សូមកុំខ្ជិលក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ កាន់ជិតមកដល់ហើយ។
សម្ដេតេជោ ក៏បានផ្តាំផ្ញើដល់ស្ថាប័នរបស់រដ្ឋចេះពីរបៀបរបបធ្វើការ ជាពិសេសលិខិតបទដ្ឋាននានា ដែលត្រូវចេញផ្សាយជាសាធារណៈ ឬផ្ញើមកនាយករដ្ឋមន្ត្រី ត្រូវពិនិត្យឱ្យបានដិតដល់ និងប្រុងប្រយ័ត្នជាប់ជានិច្ច។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់មន្ត្រី ដែលដឹងថាខ្លួនថា ខ្វះខាតចំណេះដឹង ឆ្លើយតបនឹងការបំពេញការងារប្រចាំថ្ងៃ សូមបន្តទៅរៀនសូត្រឡើងវិញនៅសាលាភូមិន្ទរដ្ឋបាល ដោយចាប់ផ្តើមពីកម្រិតដែលខ្លួនឯងខ្វះខាតតែម្តង។
សម្តេចតេជោ ក៏ណែនាំឱ្យគ្រឹះស្ថានឧត្ដមសិក្សានានា ពង្រឹងប្រសិទ្ធភាពនៃការអប់រំរបស់ខ្លួនត្រូវមានគុណភាពនៃការអប់រំដូចគ្នា រវាងគ្រឹះស្ថានឧត្ដមសិក្សានៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដើម្បីផ្ដល់គុណអប់រំពិតប្រាកដដល់និស្សិតផងដែរ។
សម្តេចតេជោ បានប្រកាសឱ្យមានស្មារតីរៀនជាប់ជានិច្ច ទោះជាសិក្សាដល់កម្រិតថ្នាក់ណា ឬមានតួនាទីក្នុងស្ថាប័នកំពូលរបស់ជាតិកម្រិតណាក៏ដោយ៕ អត្ថបទ៖វ៉ន ដារ៉ា