ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ រួមជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះអនុស្សរណៈនៃការព្រមព្រៀង និងពិធីប្រកាសចាប់ផ្តើមបណ្តុះបណ្តាលក្រហមគ្រូឧទ្ទេសទូទាំង ២៥ រាជធានី-ខេត្ត។
នាឱកាសនោះ ឯកឧត្តម អ៊ឹម ឈុនលឹម មានប្រសាសន៍ថា នេះជាយន្តការដ៏ទូលំទូលាយណាស់ និងមានសារៈសំខាន់ណាស់ ដើម្បីជាការកែទម្រង់ប្រព័ន្ធឲ្យបានស្វែងយល់កាន់តែស៊ីជម្រៅរដ្ឋធម្មនុញ្ញដល់សិស្សានុសិស្ស សម្រាប់ជាការរួមចំណែកអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្តម អ៊ឹម ឈុនលឹម បញ្ជាក់ថា គុណតម្លៃធម្មនុញ្ញជាការតំណាងឲ្យប្រជាជាតិទាំងមូល។
ជាមួយគ្នា ឯកឧត្តម ហង់ជួន ណារ៉ុន បានសម្តែងការកោតសរសើរចំពោះកិច្ចសហការដ៏ល្អរវាងអគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ និងក្រុមការងារក្រសួងអប់រំ ដែលបានរៀបចំដាក់បញ្ជូលទៅក្នុងកម្មវិធីសិក្សា និងសៀវភៅជំនួយស្មារតីជូនលោកគ្រូ អ្នកគ្រូ អំពីសិទ្ធិ និងភារកិច្ចដែលបានកំណត់ក្នុងច្បាប់រដ្ឋធម្មនុញ្ញ។
ឯកឧត្តម ហង់ជួន ណារ៉ុន បញ្ជាក់ថា បញ្ញត្តិច្បាប់រដ្ឋធម្មនុញ្ញត្រូវបានបញ្ជូលទៅក្នុងមុខវិជ្ជាសីលធម៌ និងពលរដ្ឋវិទ្យា សំដៅឲ្យសិស្សានុសិស្សត្រូវចូលរួមគោរព និងការពារច្បាប់នានាក្រោមរដ្ឋធម្មនុញ្ញ។ ក្នុងនោះ ក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការព្រមព្រៀងនេះឡើង ឆ្លើយតបគោលដៅ បណ្តុះបណ្តាលឲ្យសិស្សានុសិស្សក្លាយជាពលរដ្ឋល្អ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជាអនាគតរបស់ប្រទេសជាតិ៕




