វាយកូនបាល់៖ កីឡាករវាយកូនបាល់កំពូលរបស់អង់គ្លេសនាពេលបច្ចុប្បន្ន Cameron Norrie បានបញ្ចប់បេសកកម្មរបស់ខ្លួននៅព្រឹត្តិការណ៍ Indian Wells លើទឹកដីសហរដ្ឋអាមេរិកហើយ ក្រោយរងបរាជ័យក្រោមស្នាដៃកីឡាករម្ចាស់ផ្ទះ Frances Tiafoe នៅវគ្គ ៨ នាក់ចុងក្រោយ។

Cameron Norrie ដែលជាជើងឯកនៅទីនេះកាលពីឆ្នាំ២០២១ ហាក់ធ្វើមិនបានល្អជាងការប្រកួតសព្វដង ដោយធ្វើឱ្យមានកំហុសបច្ចេកទេសដល់ទៅ ២៨លើកបណ្តាលឱ្យចាញ់កីឡាករវ័យ ២៥ឆ្នាំ Frances Tiafoe ២សិតផ្ទួនៗ ៦-៤ និង ៦-៤។ Frances Tiafoe នឹងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងក្នុងកម្មវិធី Masters 1000 ដោយនឹងត្រូវជួបជាមួយកីឡាកររុស្ស៊ី Daniil Medvedev។ អតីតកីឡាករលំដាប់លេខ ១ ពិភពលោក Daniil Medvedev បានយកឈ្នះកីឡាករអេស្ប៉ាញ Alejandro Davidovich Fokina ដោយលទ្ធផល ២សិតផ្ទួនៗផងដែរ ៦-៣ និង ៧-៥ ព្រឹកមិញនេះ។ នេះជាជ័យជំនះ ១៨ប្រកួតជាប់គ្នាហើយសំរាប់ Daniil Medvedev បូករួមទាំងជើងឯកចំនួន ៣ ក្នុងឆ្នាំ២០២៣ នេះ។
ងាកមកការប្រកួតផ្នែកនារីវិញ អតីតជើងឯក Wimbledon, Emma Raducanu បានធ្លាក់ពីការប្រកួតត្រឹមជុំទី៤ ក្រោមស្នាដៃកីឡាការិនីលំដាប់លេខ ១ ពិភពលោក Iga Swiatek។ អ្នកការពារតំណែងជើងឯកសញ្ជាតិប៉ូឡូញ Swiatek បានយកឈ្នះដោយលទ្ធផល ២សិតផ្ទួនៗ ៦-៣ និង ៦-១ ដើម្បីបន្តជួបជាមួយកីឡាការិនីរ៉ូម៉ានី Sorana Cirstea នៅវគ្គ ៨នាក់ចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ