ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមីនានេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ CAMSOC បានបើកសន្និសិទស្តីពី ប្រព័ន្ធផ្សព្វផ្សាយកីឡាSEA GAMES និងASEAN PARA GAMES2023នៅកម្ពុជា ដែលមានអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនបានចូលរួម។
នៅក្នុងសន្និសិទនេះ គឺមានបណ្តាញទូរទស្សន៍ក្នុងតំបន់អាស៊ានចំនួន ៧ក្រុមហ៊ុន បានទទួលសិទ្ធផ្សាយផ្តាច់មុខពី SEA GAMESនៅកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ CAMSOCថ្លែងថា មកដល់នេះ គណៈកម្មាធិការជាតិ CAMSOC បានផ្តល់សិទ្ធឲ្យបណ្តាញទូរទស្សន៍ចំនួន៧ ធ្វើការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES និង PARA GAMES 2023 ពីកម្ពុជាក្នុងនោះ មានទូរទស្សន៍ក្រៅប្រទេសចំនួន៥ រួមមាន៖ ក្រុមបណ្តាញទូរទស្សន៍មកពីប្រទេសឥណ្ឌូនេស៊ី ថៃ វៀតណាម ម៉ាឡេស៊ី និងសឹង្ហបូរី ហើយនិងមានក្រុមហ៊ុនបណ្តាញទូរទស្សន៍មកពីប្រទេសជាសមាជិកផ្សេងៗទៀត បាននឹងកំពុងរៀបចំការចរចាថ្លៃ ដើម្បីទទួលសិទ្ធការផ្សាយនៅប្រទេសគេ។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា សម្រាប់ការទិញសិទ្ធផ្សាយការប្រកួតកីឡា SEA GAMES និងASEAN PARA GAMESនេះ គឺបណ្តាញទូរទស្សន៍ក្នុងស្រុកផ្តល់ជូនដោយឥតគិតថ្លៃ។
បើតាមតំណាងក្រុមហ៊ុនទូរទស្សន៍ iMSPORT មកពីប្រទេសឥណ្ឌូនេស៊ី ថ្លែងថា នៅពេលនេះយើងបានទទួលសិទ្ធិការផ្សាយផ្ទាល់លើគ្រប់កីឡាទាំងអស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ី ហើយការផ្សាយនោះ នឹងមានទូរទស្សន៍ជាច្រើនប៉ុស្តិ៍ផ្សេងទៀត ដែលស្ថិតក្នុងចង្កោមការគ្រប់គ្រងរបស់ក្រុមហ៊ុននេះ ទទួលបានការផ្សាយបន្តផ្ទាល់ផងដែរ។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍កីឡាSEA GAMES និងPARA Games2023 កម្ពុជាបានរៀបចំប្រកួតចំនួន៣៦ប្រភេទកីឡា មានវិញ្ញាសាប្រកួត៥៨១វិញ្ញាសារ ក្នុងនោះ វិញ្ញាសាប្រកួតកីឡាបាល់ទាត់ នឹងចាប់ផ្តើមប្រកួតមុនគេ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣៕អត្ថបទ ស៊ុម សុខជា