ស្នូកឃ័រ៖ កីឡាករស្នូកឃ័រលេខ ១ ពិភពលោក Judd Trump បានធ្លាក់ចេញពីការប្រកួតស្នូកឃ័រជើងឯកពិភពលោកហើយ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយបរាជ័យក្រោមស្នាដៃកីឡាករ Shaun Murphy។ បន្ទាប់ពីស្មើគ្នា ៤-៤ ហ្វ្រេម Shaun Murphy ធ្វើបានល្អណាស់ដោយបាននាំមុខ ១០-៦ហ្វ្រេម។

មើលទៅហាក់ដូច Murphy នឹងយកឈ្នះការប្រកួតនេះបានលឿន តែផ្ទុយទៅវិញ Judd Trump វាយបកវិញរហូតស្មើគ្នា ១១-១១ហ្វ្រេមយ៉ាងស្វិតស្វាញ។ យ៉ាងណាក្តីជើងឯកពិភពលោកឆ្នាំ២០០៥ Shaun Murphy វាយមួយឈើបាន ៧០ពិន្ទុ និង ៦២ពិន្ទុ យកឈ្នះពីរហ្វ្រេមផ្ទួនៗយកឈ្នះការប្រកួតនេះ ១៣-១១ហ្វ្រេម។ ចំណែកមួយប្រកួតទៀត Anthony McGill ដែលទំលាក់ Ronnie O’Sullivan ឡើងមកដល់វគ្គនេះនោះ បានបញ្ចប់ដំណើរស្វែងរកជើងឯកពិភពលោកលើកដំបូងរបស់ខ្លួន ត្រឹមថ្វីដៃជើងឯកពិភពលោកឆ្នាំ២០១៥ Stuart Bingham។
បន្ទាប់ពីដំណាក់កាលដំបូង McGill បាននាំមុខការប្រកួត ១០-៧ហ្វ្រេម មុនពេល Stuart Bingham វាយបករហូតតាមស្មើ ១២-១២ហ្វ្រេម ត្រូវហ្វ្រេមកាត់សេចក្តីចុងក្រោយហ្វ្រេមទី ២៥។ ការវាយមួយឈើបាន ១២៥ពិន្ទុរបស់ Stuart Bingham ធ្វើអោយកីឡាករវ័យ ៤៤ឆ្នាំអង់គ្លេសរូបនេះយកឈ្នះ Anthony McGill ក្នុងលទ្ធផល ១៣-១២ហ្វ្រេម។ ដូច្នេះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Stuart Bingham ត្រូវជួប Mark Selby និង Kyren Wilson ជួប Shaun Murphy៕
អត្ថបទ៖នាង សុភាវុធ