អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានអះអាងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងបន្តហោះហើរ និងធ្វើប្រតិបត្តិការគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។ បញ្ហានេះកើតមានឡើងបន្ទាប់ពីយានដ្រូនរបស់អាមេរិកបានធ្លាក់ នៅសមុទ្រខ្មៅក្បែរតំបន់គ្រីមៀកាលពីព្រឹកថ្ងៃអង្គារ ដោយសហរដ្ឋអាមេរិកបាននិយាយថា យន្តហោះចម្បាំងរបស់រុស្ស៊ីបានបុកជាមួយយានដ្រូនបណ្តាលឱ្យធ្លាក់។
លោក Austin និយាយថា លោកបានជួបសន្ទនាជាមួយសមភាគីរុស្ស៊ីតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីឧបទ្ទវហេតុនេះ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតនៃការសន្ទនារបស់ប្រមុខការពារជាតិទាំងពីរនោះទេ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា តាមគំនិតផ្តួចផ្តើមរបស់ភាគីអាមេរិក ការសន្ទនាតាមទូរស័ព្ទត្រូវបានធ្វើឡើងរវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin។ ការប៉ះទង្គិចគ្នានៅកណ្តាលអាកាសរវាងយានដ្រូនចារកម្មរបស់សហរដ្ឋអាមេរិក និងយន្តហោះចម្បាំងរុស្ស៊ីនៅក្នុងដែនអាកាសអន្តរជាតិ បានជំរុញឱ្យមានការអំពាវនាវដោយផ្ទាល់ដ៏កម្ររវាងមេដឹកនាំយោធានៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ។ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin កាលពីថ្ងៃពុធបាននិយាយថា លោកបានសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីអំពីឧបទ្ទវហេតុនេះ ដែលយន្តហោះរុស្ស៊ី Su-27 បានស្ទាក់ចាប់វាយប្រហារ និងធ្វើឱ្យខូចខាតដល់យានដ្រូន MQ-9 Reaper របស់អាមេរិក ដែលបង្ខំឲ្យប្រតិបត្តិករបញ្ជាយានដ្រូនឲ្យធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ។
ទន្ទឹមនឹងនេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនៅក្នុងសេចក្តីអត្ថាធិប្បាយទាក់ទងនឹងការធ្លាក់យានដ្រូនយោធារបស់ខ្លួននៅសមុទ្រខ្មៅ គឺមិនអើពើចំពោះការពិតដែលថា រុស្ស៊ីបានបង្កើតការរឹតត្បិតលំហអាកាសនៅក្នុងតំបន់នោះ។ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍រដ្ឋលោក Lavrov បាននិយាយថា រុស្ស៊ីបានបង្កើតដែនកំណត់លើជើងហោះហើរនៅក្នុងតំបន់សមុទ្រខ្មៅ បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ជាការពិតដែលសហរដ្ឋអាមេរិកបានដឹងយ៉ាងច្បាស់រួចហើយ៕
អត្ថបទ៖ ប៊ុនថន