បាល់បោះ៖ ក្រុមបាល់បោះ Milwaukee Bucks បានក្លាយជាក្រុមដំបូងដែលកក់កៅអីនៅវគ្គ Play-Off បាល់បោះក្របខណ្ឌ NBA អាមេរិកបន្ទាប់ពីយកឈ្នះ Phoenix Suns ១១៦-១០៤ ថ្ងៃពុធម្សិលមិញ។

កីឡាករក្រិក Giannis Antetokounmpo បោះបាន ៣៦ពិន្ទុម្នាក់ឯងក្នុងជ័យជំនះលើកទី៥០ របស់ Milwaukee Bucks រដូវកាលនេះ និងចាញ់តែ ១៩ប្រកួតប៉ុណ្ណោះឈរលើគេក្នុងតារាងភាគខាងកើត។ ក្រៅពី ៣៦ពិន្ទុម្ចាស់ជយលាភី MVP ពីរលើក Antetokounmpo ក៏ធ្វើបាន ១១បាល់រីបោន និង ៨បាល់បញ្ជូនផងដែរ។ ចំណែកឯ Phoenix Suns បន្តឈរលេខ៤ នៅភាគខាងលិចប្រកួតឈ្នះ ៣៧ ចាញ់ ៣២។
ងាកមកលទ្ធផលផ្សេងទៀត ក្រុមកំពុងនាំមុខគេនៅភាគខាងលិច Denver Nuggets បានបន្តចាញ់ ៤ប្រកួតជាប់គ្នា ដោយលើកនេះចាញ់ Toronto Raptors ១១០-១២៥។ Fred VanVleet បោះបាន ៣៦ពិន្ទុម្នាក់ឯងក្នុងជ័យជំនះរបស់ Toronto ក្នុងការរក្សាក្តីសង្ឃឹមបង្ហាញខ្លួននៅវគ្គ Play-Off។ រីឯ Los Angeles Lakers បានងើបពីបរាជ័យកាលពីថ្ងៃសៅរ៍ក្រោមស្នាដៃ New York Knicks ត្រលប់មកយកឈ្នះ New Orleans Pelicans ១២៣-១០៨។ Anthony Davis បោះបាន ៣៥ពិន្ទុម្នាក់ឯង និង ១៧បាល់រីបោនជួយឱ្យ LA Lakers រក្សាក្តីសង្ឃឹមទៅវគ្គ Play-Off ដែលនៅសល់តែ ៤សប្តាហ៍ទៀតប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ