ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ថា ទស្សនវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តោតទៅលើទិដ្ឋភាពសំខាន់ៗ ចំនួន៣គឺ៖ ទី១,ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ចសកល ទី២,ភាពចាំបាច់បន្ទាន់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងទី៣.ផែនការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ទស្សនទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឆ្លើយតបភ្លាមៗទៅនឹងការស្តារ សេដ្ឋកិច្ច -សង្គម ឡើងវិញក្រោយវិបត្តិកូវីដ-១៩។
ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិ អេស្កាប់ បានបញ្ជាក់ទៀតថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងសន្និបាតប្រចាំឆ្នាំនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈ និងកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតប និងចូលរួមសហការជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍នានា ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកល និងការ ស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច-សង្គម ដើម្បីបន្តសម្រេចឲ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សូមបញ្ជាក់ថា "UN-ESCAP ត្រូវបាន បង្កើតឡើងដោយអង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ១៩៤៧ មានទីស្នាក់ការ នៅទីក្រុងសៀងហៃ ប្រទេសចិន ក្នុងគោលបំណង ស្តារសេដ្ឋកិច្ចតំបន់ក្រោយសង្រ្គាមលោក និងវិបត្តិសេដ្ឋកិច្ចសកល ហើយ ក្រោយមកបានប្តូរទីស្នាក់ការ មកទីក្រុងបាងកក ប្រទេសថៃវិញ ក្នុងឆ្នាំ១៩៤៩ ។
បច្ចុប្បន្ន UN-ESCAP មានរដ្ឋជាសមាជិកចំនួន ៥៣ និង រដ្ឋ សង្កេតការណ៍ចំនួន ៩ ដែល កម្ពុជា បានចូលជា សមាជិកនៅថ្ងៃទី២០ ខែសីហា ឆ្នាំ ១៩៥៤។ UN-ESCAP គឺជាគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិ ដ៏ធំជាងគេបំផុត ក្នុងចំណោមគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិ ប្រចាំតំបន់ចំនួន ០៥ ក្នុងពិភពលោក រួមមាន ៖ តំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) តំបន់អាហ្រ្វិក (UN-ECA) តំបន់អឺរ៉ុប (UN-ECE) តំបន់អាមេរិកឡាទីននិងការ៉ាប៊ីន (UN-ECLAC) និងតំបន់អាស៊ីខាងលិច (UN-ESCWA)។
UN-ESCAP ដើរតួនាំមុខនៅក្នុងតំបន់ ក្នុងការអង្កេតវិភាគ និងដោះស្រាយនូវបញ្ហាប្រឈមលើវិស័យជាច្រើន ជាពិសេសគោល នយោបាយ ម៉ាក្រូសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ពាណិជ្ជកម្ម និងវិនិយោគ, ការដឹកជញ្ជូន, បរិស្ថាន និងការអភិវឌ្ឍ, ព័ត៌មានវិទ្យានិងបច្ចេកវិទ្យាគមនាគមន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍, ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, ការអភិវឌ្ឍសង្គម, ស្ថិតិ, ថាមពល៕





