ភ្នំពេញ៖ ក្នុងជំនួបស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីប្រចាំកម្ពុជា ឯកឧត្តម ចាស្ទីន ខេវីន វ៉ាយអេត សន្យាបន្តកិច្ចសន្ទនាជាមួយកម្ពុជា ឈរលើមូលដ្ឋានស្មើភាព និងអធិបតេយ្យភាព
នាឱកាសនោះ ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានកោតសរសើរកម្ពុជា ដែលបានបំពេញតួនាទីជាប្រធានអាស៊ាន កាលពីឆ្នាំមុន បានយ៉ាងល្អប្រសើរ និងបានរំលឹកដោយសេចក្តីអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលនាំឱ្យមានការដោះលែងសាស្ត្រាចារ្យអូស្ត្រាលី លោកSean Turnell ពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា កាលពីឆ្នាំមុន។
ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបញ្ជាក់ថា អូស្រ្តាលី នឹងបន្តកិច្ចសន្ទនាដោយការគោរព ឈរលើមូលដ្ឋានស្មើភាព និងអធិបតេយ្យភាពសម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេ ភាគីជាមួយកម្ពុជា និងស្វែងរកកាលានុវត្តនានា ដើម្បីពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌអាស៊ាន- អូស្ត្រាលី។
ជាមួយគ្នា ឯកឧត្តម ប្រាក់ សុខុន បានរំលឹកដោយការថ្លែងអំណរគុណចំពោះជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់ដល់កម្ពុជា គាំទ្រវិស័យនានា ដែលក្នុងនោះរួម មានវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការដោះមីន ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងសុខាភិបាល រួមទាំងវ៉ាក់សាំងកូវីដ-១៩ ផងដែរ។
ឯកឧត្តម ប្រាក់ សុខុន បានស្នើអូស្ត្រាលី បន្តជួយគាំទ្រការបោសសម្អាតគ្រាប់មីន ដើម្បីសម្រេចបាននូវគោលដៅកម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥។
លើសពីនេះ ឯកឧត្តម ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីអភិក្រមនានាក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល កសិកម្ម សមភាពយេនឌ័រ ព្រមទាំងសន្តិសុខនិងការពារជាតិ ខណៈពេលដែលរដ្ឋាភិបាលអូស្ត្រាលីកំពុងរៀបចំ «យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍រហូត ដល់ឆ្នាំ ២០៤០» ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី មានបំណងលើកទឹកចិត្តឱ្យមានការវិនិយោគប្រកបដោយគុណភាព មកកាន់កម្ពុជា។
បន្ថែមលើសពីនេះ ក្រសួងការបរទេសនៃប្រទេសទាំងពីរ ទន្ទឹងរង់ចាំ «កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី» លើកទី ៤ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា នៅឆ្នាំ២០២៣នេះ។ ក្នុងនោះ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់មួយចំនួនផងដែរ៕ ដោយ ៖ ឧត្ដម




