ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យស្ដេចយាងនិវត្តមកកាន់មាតុប្រទេសវិញហើយ នៅរសៀលថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣ តាមព្រះទីនាំងយន្តហោះពិសេស របស់ព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា ព្រះករុណា ព្រះមហាក្សត្រជីវិតលើត្បូង និងសម្តេចម៉ែ ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យស្ដេចយាងទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីស្តេចយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព ជាទៀតទាត់របស់ព្រះអង្គ។
តាមពិតទៅបើតាមកម្មវិធីដែលគ្រោងទុក ព្រះអង្គទាំងទ្វេពុំទាន់នឹងត្រូវដល់ពេលស្តេចយាងនិវត្តវិញ នៅពេលនេះនៅឡើយទេ ប៉ុន្តែដោយសារព្រះករុណាព្រះមហាក្សត្រនឹងត្រូវស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គីជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នៅអង្គរវត្ត ខេត្តសៀមរាប នាវេលាម៉ោង ៨ព្រឹកថ្ងៃទី២១ ខែមីនា ទើបព្រះអង្គទាំងទ្វេបានស្តេចយាងមកកាន់មាតុប្រទេសវិញនៅថ្ងៃនេះតែម្តង។
យាងនិងអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេ ស្តេចយាងនិវត្តដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ ព្រមទាំងព្រះរាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូប។ដោយឡែក ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជាក៏មានវត្តមានផងដែរ។
ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជារាស្ត្ថ្រខ្មែរ មានសេចក្តីសោមនស្សរីករាយដែលព្រះអង្គទាំងទ្វេបានស្តេចយាងនិវត្តវិញនិងសូមបួងសួងដល់ទស្សបារមីនៃ វត្ថុសក្តិសិទ្ធិនៅក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះ មហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមជួយអភិបាល ថែរក្សាគ្រង ព្រះអង្គទាំងទ្វេ សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មយឺនយូរ ដើម្បីស្តេចគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរទូទាំងប្រទេសនិងបន្តពូនជ្រុំថែរក្សាសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍឱ្យរីកចំរើនរុងរឿងតទៅមុខទៀត៕