
អន្ដរជាតិ៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានធ្វើការថ្កោលទោសដាច់ណាត់ចំពោះការបាញ់មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ហើយពួកគេប្តេជ្ញាចិត្តថានឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត។
នាយអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង និយាយថា មីស៊ីលដែលបាញ់ចេញកាលពីវេលាម៉ោង ៧ និង ១០នាទីព្រឹក ចេញពីទីក្រុងព្យុងយ៉ាង បានហោះចម្ងាយ ១ពាន់គ.ម លើគន្លងខ្ពស់បំផុត។
ការបាញ់មីស៊ីលនេះដែរ បានកើតមានឡើងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលប្រធានាធិបតីកូរ៉េខាងត្បូង ធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ សម្រាប់ជំនួបកំពូលជាមួយនាយករដ្ឋមន្រ្តីជប៉ុន ដើម្បីពិភាក្សាលើយុទ្ធសាស្រ្តទប់ទល់ជាមួយប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។
គួរឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ក្នុងសប្តាហ៍នេះ ស្របពេលមានសមយុទ្ធយោធារួមគ្នាកំពុងធ្វើឡើងរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គឺជាសមយុទ្ធមួយដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាទង្វើអរិភាព៕
