ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹកដល់កងកម្លាំងនគរបាលខេត្តកំពង់ចាមទាំងអស់ ត្រូវខិតខំប្រឹងប្រែងពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីបន្ដការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់ការប៉ុនប៉ងបង្កចលាចលផ្សេងៗ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត តាមបទបញ្ជារបស់ថ្នាក់ដឹកនាំនោះ។
ក្នុងឱកាសអញ្ជើញជាតំណាងរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបើកវគ្គបំប៉នជំនាញដល់កងកម្លាំងអន្តរាគមន៍ពិសេស និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ប្រគល់ប័ណ្ណសរសើរជូនដល់មន្ត្រីនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ លន់ សុផាត បានលើកឡើងថា ក្នុងនាមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្ដែងនូវការកោតសរសើរចំពោះកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានខិតខំអនុវត្តភារកិច្ចសហការអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានល្អប្រសើរ ក្នុងឆ្នាំ២០២២កន្លងទៅ ជាពិសេសការប្រឡងប្រណាំង ភូមិ ឃុំមានសុវត្ថិភាពទូទាំងប្រទេស គឺក្នុងឃុំ សង្កាត់ទាំង១០៩ ក្នុងខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់លេខ១។
ទោះជាយ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ នៅតែបន្តក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ដែលបំរើការនៅខេត្តកំពង់ចាមនេះត្រូវតែបន្តសកម្មភាពឲ្យដូចជាភ្លៀងរលឹម ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យបានល្អប្រសើបន្ថែមទៀត និងកុំធ្វើអ្វីឲ្យពួកគាត់មានការ ថ្នាំងថ្នាក់ជាដើមនោះ។
ថ្លែងនៅក្នុងពិធីខាងលើនេះដែរ ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការបើកវគ្គបំប៉នជំនាញ ដល់កម្លាំងនគរបាលអន្តរាគមន៍ពិសេសនាពេលនេះ គឺក្នុងគោលដៅដើម្បីការពារ សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសដែលប្រទេសជាតិ មានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខនេះ និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ជាដើម។
លោកឧត្តមសេនីយ៍ត្រី បានបន្ដលើកឡើងនូវការងារមួយចំនួន ដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សម្រេចបាននាពេលថ្មីៗនេះ ដូចជា អំពីសភាពការណ៍ សន្តិសុខ, ការងារប្រឆាំងបទល្មើស ការងារសណ្ដាប់ធ្នាប់សាធារណៈ , ការងារផ្ដល់សេវាសាធារណៈ , ការអនុវត្ត គោលនយោបាយ ភូមិ -ឃុំ -សង្កាត់ មានសុវត្ថិភាព , ការកសាងអង្គភាព និងការងារបណ្ដុះបណ្ដាលធនធានមនុស្ស ដោយរយៈពេលកន្លងមកនេះ បានអនុវត្ត ការងារយ៉ាងសកម្មផុលផុស ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសេីរដូចដែលបានគ្រោងទុក ។
នៅក្នុងពិធីនោះដែរ ឧត្តមសេនីយ៍ឯក លន់ សុផាត ក៏បាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ថវិកាចំនួន៥លានរៀល សម្រាប់ជួយសម្រួលដល់ដំណើរការបណ្ដុះបណ្ដាលវគ្គបំប៉ននេះ និងឧបត្ថម្ភថវិកាដល់សិក្ខាកាមចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀលផងដែរ៕ អត្ថបទ៖ បាន ចក់

















