មីយ៉ាន់ម៉ា៖ មន្ត្រីថៃមួយរូបបានឲ្យដឹងថា យោធាសហភាពមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមអាកាសរយៈពេល ២ថ្ងៃជាប់ៗគ្នាទៅលើតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម ក្រោយសំឡេងផ្ទុះអាវុធចេញពីប្រទេសជិតខាងថៃ ស្របពេលដែលសង្គ្រាមកើនឡើងនៅតាមតំបន់ព្រំដែន។
សហភាពមីយ៉ាន់ម៉ាកំពុងស្ថិតនៅក្នុងស្ថានភាពច្របូកច្របល់ ចាប់តាំងពីរបបសឹកយោធាផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ដោយរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ ធ្វើឲ្យផ្ទុះកំហឹងនៅក្នុងចំណោមប្រជាពលរដ្ឋភាគច្រើន នៅក្នុងប្រទេសមួយនេះ។ ចលនាប្រឆាំងរបបយោធាទទួលបានការគាំទ្រផងដែរ ពីក្រុមឧទ្ទាមជនជាតិដើមភាគតិច ដែលគ្រប់គ្រងតាមតំបន់ព្រំដែនសហភាពមីយ៉ាន់ម៉ា។ សហភាពជាតិការ៉ែន (KNU) ដែលជាក្រុមឧទ្ទាមលេចធ្លោ និងស្ថិតនៅក្នុងចំណោមក្រុមប្រឆាំងខ្លាំងបំផុតរបស់របបយោធានោះ បានបង្ហាញនូវការខឹងសម្បារយ៉ាងខ្លាំង ចំពោះអំពើហិង្សាបង្កឡើងដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារ។
ការប៉ះទង្គិចគ្នាជាមួយយោធា នៅក្នុងដែនដីគ្រប់គ្រងរបស់ក្រុមឧទ្ទាម KUN នៅតាមតំបន់ព្រំដែនភាគខាងកើតបានកើនឡើងខ្លាំងចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈរហូតមក ក្នុងនោះរបបយោធាបើកការវាយប្រហារតាមអាកាសកាលពីខែមុន ដែលជាការវាយប្រហារលើកដំបូងនៅរដ្ឋការ៉ែន ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។ សំឡេងផ្ទុះអាវុធ និងការបំផ្ទុះគ្រាប់បែកបានកើតឡើងនៅវេលាម៉ោងប្រហែល ៩ព្រឹកថ្ងៃពុធនៅជិតមូលដ្ឋានយោធាដាគ្វីន របស់សហភាពមីយ៉ាន់ម៉ា៕
អត្ថបទ៖ សារ៉ាត់