កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋបានរាយការណ៍ថា កូរ៉េខាងជើងបាននិយាយថា មីស៊ីលដែលខ្លួនបានបាញ់កាលពីថ្ងៃព្រហស្បតិ៍ ទី១៦មីនាគឺជាមីស៊ីលបាលីស្ទីកអន្តរទ្វីប ICBM Hwasong-17 ដែលបានបាញ់អំឡុងសមយុទ្ធមួយ ដើម្បីបង្ហាញកាយវិការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូងដែលនៅតែបន្ត។

រូបភាពដែលបានបញ្ចេញនៅថ្ងៃសុក្រទី១៧ មីនា ដោយសារព័ត៌មានរដ្ឋាភិបាលរបស់ប្រទេសនេះបានបង្ហាញលោក Kim Jong Un កំពុងឈរមើលការបាញ់ជាមួយកូនស្រីរបស់លោក និងរួមទាំងរូបភាពពីការថតតាមអាកាសដោយកាមេរ៉ាបំពាក់លើមីស៊ីលនោះ។ កូរ៉េខាងជើងបានបាញ់មីស៊ីល ICBM ចូលក្នុងសមុទ្រចន្លោះឧបទ្វីបកូរ៉េ និងប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោងមុនលោកប្រធានាធិបតីកូរ៉េខាងត្បូង ធ្វើដំណើរទៅជួបនាយករដ្ឋមន្ត្រីជប៉ុនក្នុងទីក្រុងតូក្យូ ដើម្បីពិភាក្សាពីមធ្យោបាយទប់ទល់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា សមយុទ្ធបាញ់អាវុធយុទ្ធសាស្ត្រនេះ ជាឱកាសក្នុងការចេញការព្រមានយ៉ាងដាច់ណាត់កាន់តែខ្លាំងជាងមុន ចំពោះសត្រូវដែលមានចេតនាដុតបញ្ឆេះភាពតានតឹងនៅឧបទ្វីបកូរ៉េ ខណៈមានការគំរាមកំហែងដោយយោធាដោយគ្មានការទទួលខុសត្រូវ និងមិនខ្វល់ពីគ្រោះថ្នាក់៕
អត្ថបទ៖ សុខមាន