បាល់ទាត់៖ ក្រុមនាំមុខគេនៅ English Premier League កាំភ្លើងធំ Arsenal បានធ្លាក់ពីក្របខណ្ឌអឺរ៉ុប UEFA Europa League ហើយត្រឹមវគ្គ ១៦ ក្រុមចុងក្រោយបន្ទាប់ពីចាញ់ Sporting Lisbon ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។ បន្ទាប់ពីស្មើគ្នា ២-២ នៅទឹកដីព័រទុយហ្កាល់ Arsenal ត្រលប់មកទឹកដីរបស់ខ្លួនវិញចាប់ផ្តើមបានល្អ ក្រោយរកបានគ្រាប់នាំមុខនៅនាទីទី ១៩ ដោយ Granit Xhaka សល់ពីការស៊ុតរបស់ Gabriel Martinelli។
បានឈានចូលវគ្គទី ២ នៅនាទីទី ៦២ Sporting Lisbon ក៏តាមស្មើវិញបានដោយបាល់ស៊ុតតាំងពីពាក់កណ្តាលតារាងរបស់ Pedro Goncalves ហើយក៏ជាគ្រាប់បាល់ដ៏មានសារសំខាន់ ដែលអូសបន្លាយឱ្យក្រុមទាំងពីរឈានដល់ម៉ោងបន្ថែម ១៥ នាទីពីរដង និងថែមទាំងដល់វគ្គ ១១ម៉ែត្រកាត់សេចក្តី។ ឈានដល់វគ្គ ១១ម៉ែត្រគ្រប់គ្នាសុទ្ធតែធ្វើបានសម្រេច មុនពេលដែល Gabriel Martinelli ត្រូវសង្គ្រោះដោយអ្នកចាំទី Lisbon, Adan។ បរាជ័យនេះបានបញ្ចប់ដំណើរឈ្នះ ៦ប្រកួតជាប់គ្នាគ្រប់ក្របខណ្ឌរបស់ Arsenal ខណៈអ្នកចាត់ការ Mikel Arteta បារម្ភបរាជ័យនៅ Europa League អាចប៉ះពាល់ទឹកចិត្តកីឡាករសម្រាប់ការផ្តោតអារម្មណ៍នៅ English Premier League។

ងាកមកលទ្ធផលផ្សេងទៀត ក្រុមបិសាចក្រហម Manchester United បានបន្តដំណើរឡើងវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះនៅទឹកដី Real Betis ១-០ ដោយគ្រាប់បាល់ពីចំងាយរបស់ Marcus Rashford។ ក្រុមរបស់លោក Erik ten Hag នៅតែបន្តដំណើរសម្រេចក្តីស្រមៃចង់លើកពាន ៤ ក្នុងមួយរដូវកាលក្រោយឈ្នះសរុបទាំងពីរជើង ៥-១។ ក្រៅពី Manchester United និង Sporting Lisbon ក្រុមផ្សេងទៀតដែលឡើងវគ្គ ៨ ក្រុមរួមមាន Roma, Feyenoord, Sevilla, Juventus, Leverkusen និង Union Saint-Gilloise។ ការចាប់ឆ្នោតបែងចែកគូប្រកួតវគ្គ ៨ ក្រុមចុងក្រោយនឹងធ្វើឡើងថ្ងៃសុក្រនេះ៕
អត្ថបទ៖នាងសុភាវុធ