បាល់ទាត់៖ ខ្សែប្រយុទ្ធវ័យចំណាស់ Zlatan Ibrahimovic ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិស៊ុយអែត សម្រាប់ការប្រកួតមិត្តភាពក្នុងខែមីនានេះ បើទោះបីជាមានវ័យដល់ទៅ ៤១ឆ្នាំក៏ដោយ។ ខ្សែប្រយុទ្ធ AC Milan រូបនេះបានសម្រាកនៅក្រៅទីលានភាគច្រើនក្នុងរដូវកាលនេះដោយសាររបួសជង្គង់។
តែការកោះហៅលើកនេះមានន័យថា អតីតខ្សែប្រយុទ្ធបិសាចក្រហម Manchester United រូបនេះនឹងបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិស៊ុតអែតសាជាថ្មី ក្រោយខកខានពេញមួយឆ្នាំ។ Zlatan Ibrahimovic បានសំរេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិម្តងរួចទៅហើយកាលពីឆ្នាំ២០១៦ ក្រោយចប់ Euro 2016 តែក៏បានសម្រេចចិត្តត្រលប់មកវិញកាលពីឆ្នាំ២០២១ ក្នុងយុទ្ធនាការប្រកួតជម្រុះ World Cup 2022 តែមិនជោគជ័យ។
Ibrahimovic ដែលបង្ហាញខ្លួនបានត្រឹម ៣ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះជាមួយ AC Milan នោះបានចូលលេងឱ្យស៊ុយអែតចុងក្រោយបំផុតពេលចាញ់ប៉ូឡូញនៅវគ្គ Play-Off ជម្រុះ World Cup 2022។ Zlatan Ibrahimovic គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេឱ្យក្រុមជម្រើសជាតិស៊ុតអែតសរុប ៦២គ្រាប់ក្នុងការបង្ហាញខ្លួន ១២១ប្រកួត៕
អត្ថបទ៖នាង សុភាវុធ