ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយយ៉ាងខ្លាំង ដែលបានទទួលរតនវត្ថុបុរាណខ្មែរមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញនាពេលនេះ។ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសសូមស្វាគមន៍រតនវត្ថុបុរាណខ្មែរ ដែលជាដួងព្រលឹងនៃមហាបុព្វបុរសខ្មែរ។
សម្តេចតេជោ បានបញ្ជាក់ថា សន្តិភាពមិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរនោះទេ ក៏ជាសារៈសំខាន់ នៃគ្រួសារអទិទេពផងដែរ ដែលអាចជួបជុំគ្នាដូចពេលនេះ គឺជាការមកដល់នៃរតនវត្ថុបុរាណខ្មែរ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា។
សម្តេចតេជោ ប្រកាសថ្លែងអំណរគុណដល់ស្ថានឯកអគ្គរដ្ឋទូអាមេរិកប្រចាំកម្ពុជា និងគ្រួសារលោក ឌូគ្លាស ឡាតហ្វដ (Douglas Latchford) ដែលបានប្រគល់ជូនមកកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរទាំងអស់ដែលកាន់កាប់រក្សាទុកដោយគ្រួសារ លោកឡាត ហ្វដ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងនាមប្រជាជនកម្ពុជាទាំងមូល ពិតជាមានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការ អបអរ សាទរ អស់ពីដួងចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ ដែលជាព្រលឹង ដូនតារបស់ខ្លួន និងជាអត្តសញ្ញាណជាតិ ក្រោមដំបូលនៃសុខសន្តិភាព។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា ក្រសួងបាន និងកំពុងសហការជាមួយរដ្ឋាភិបាល សហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀត ក៏ដូចជាបន្តការចរចាជាមួយស្ថាប័ន និងអ្នកកាន់កាប់ សមុច្ច័យឯកជន ដើម្បីរៀបចំនីតិវិធីទាមទារ និងបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនទៀត ត្រឡប់មកកម្ពុជាវិញ។
















