
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើការអំពាវនាវដល់សារមន្ទីរនៃបណ្តាប្រទេសដទៃ ឬអ្នកដែលកំពុងរក្សាទុកវត្ថុបុរាណខ្មែរសូមមេត្តាប្រគល់ជូនមកកម្ពុជាវិញ។
សម្តេចតេជោ បានធ្វើការអំពាវនាវបែបនេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទទួល រតន វត្ថុ របស់ខ្មែរមួយចំនួនដែលទើបនឹងទាមទារវិលត្រឡប់យកមកវិញពីបរទេស ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧មីនានេះ។
សម្តេចបានមានប្រសាសន៍ថា កម្ពុជាកំពុងបន្តស្រាវជ្រាវប្រមូលភស្តុតាងនៃសម្បត្តិវប្បធម៌ដែលត្រូវបានលួចចេញពីកម្ពុជាដោយខុសច្បាប់ និងដំណើរការទាមទារដោយសហការជាមួយសហគមន៍អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធតាមគ្រប់មធ្យោបាយចរចាដំណើរការកាទូត រដ្ឋបាល ឬតុលាការក្នុងករណីចាំបាច់។
ក្នុងន័យនេះសម្តេចក៏បានយកឱកាសនេះអំពាវនាវដល់សារមន្ទីរ ឬអ្នកដែលកំពុងរក្សាទុកវត្ថុបុរាណខ្មែរមេត្តាប្រគល់មកជូនកម្ពុជាវិញ។
គួរបញ្ជាក់ថា រតនវត្ថុដែលកម្ពុជាទទួលបានពីបរទេសវិញទាំងធំ និងតូច គឺមានរាប់ រយគ្រឿង ក្នុងនោះមានធ្វើពីថ្ម សំរឹទ្ធ និងមាស។ រតនវត្ថុទាំងនេះ ភាគច្រើនទទួលបានមកពីសហរដ្ឋអាមេរិក និងអង់គ្លេស។
បើតាមលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបញ្ជាក់ថា រតនវត្ថុដែលដាក់បង្ហាញក្នុងពិធីទទួលក្រោមអធិបតីភាព សម្តេចតេជោ គឺបង្ហាញតែមួយចំនួនប៉ុណ្ណោះ ដោយឡែករតនៈវត្ថុមួយចំនួនដែលកំពុងស្ថិត ក្នុង ដំណាក់ កាល ជួសជុលនោះ មិនត្រូវបានបង្ហាញនោះឡើយ៕










