វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់លំដាប់លេខ ១ ពិភពលោកបានបន្តដំណើរជោគជ័យរបស់ខ្លួនក្នុងឆ្នាំ២០២៣ នេះក្រោយឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Indian Wells នៅសហរដ្ឋអាមេរិក។

អ្នកការពារតំណែងជើងឯក Iga Swiatek មិនបានបង្ហាញសញ្ញាធ្លាក់ចុះសោះនៃទំរង់លេងរបស់ខ្លួន បន្ទាប់ពីយកឈ្នះកីឡាការិនីរ៉ូម៉ានី Sorana Cirstea ២សិតផ្ទួនៗ ៦-២ និង ៦-៣ មានន័យថា Swiatek មិនដែលចាញ់មួយសិតណាឡើយនៅ Indian Wells ឆ្នាំនេះ។ ជ័យជំនេះធ្វើឱ្យម្ចាស់ជើងឯកនៅទីក្រុង Doha កាលពីខែមុនរូបនេះ បន្តជួបជាមួយកីឡាការិនីជើងឯក Wimbledon, Elena Rybakina។
កីឡាការិនីកាហ្សាក់ស្ថានកាត់រុស្ស៊ី Rybakina ក៏ត្រូវធ្វើការងារធ្ងន់ផងដែរទំរាំយកឈ្នះគូប្រកួតសញ្ជាតិឆែក Karolina Muchova ដែលចំណាយពេលដល់ទៅ ៣សិត ៧-៦(៧-៤) ២-៦ និង ៦-៤ ពោលបើគិតតែសិតដំបូងចំណាយពេល ៧៦នាទី និង ២ម៉ោង ៤៥នាទីទំរាំរកចាញ់ឈ្នះឃើញ។ គូប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀតគឺកីឡាការិនីក្រិក Maria Sakkari នឹងត្រូវជួបជាមួយកីឡាការិនីបេឡារុស Aryna Sabalenka៕
អត្ថបទ៖នាង សុភាវុធ