អាមេរិក៖ មន្ទីរបញ្ចកោណបានចេញផ្សាយវីដេអូកាលពីថ្ងៃព្រហស្បតិ៍ ដែលបង្ហាញពីយន្តហោះយោធារុស្ស៊ីស្ទាក់ចាប់យានដ្រូនរបស់សហរដ្ឋអាមេរិក ដែលបានធ្លាក់នៅសមុទ្រខ្មៅកាលពី ២ថ្ងៃមុន ជាវីដេអូដ៏កម្រដែលបង្ហាញពីហានិភ័យនៃការប៉ះទង្គិចគ្នាដោយផ្ទាល់ រវាងប្រទេសមហាអំណាចនុយក្លេអ៊ែរឈានមុខរបស់ពិភពលោក។
សហរដ្ឋអាមេរិកបាននិយាយថា ឧប្បត្តិហេតុកាលពីថ្ងៃអង្គារបានបង្ហាញថា រុស្ស៊ីកំពុងមានឥរិយាបទមិនទទួលខុសត្រូវនៅក្នុងដែនអាកាសអន្តរជាតិ ខណៈទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីការព្យាយាមបង្កើនភាពតានតឹងនៅជិតឧបទ្វីបគ្រីមៀ ជាឧបទ្វីបអ៊ុយក្រែនដែលរុស្ស៊ីបានដាក់បញ្ចូលជាឧបសម្ព័ន្ធដោយប្រើកម្លាំងក្នុងឆ្នាំ២០១៤។ អាជ្ញាធររុស្ស៊ីនិយាយថា យន្តហោះរបស់ពួកគេមិនជាប់ពាក់ព័ន្ធជាមួយយានដ្រូននោះទេ និងបាននិយាយថា អាមេរិកកំពុងព្យាយាមបង្ករឿង ដោយមិនអើពើទៅនឹងការរឹតបន្តឹងដែនអាកាស ដែលពួកគេបានដាក់នៅជុំវិញប្រទេសអ៊ុយក្រែន។
មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកអះអាងថា រុស្ស៊ីទំនងជាកំពុងព្យាយាមរកកម្ទេចកម្ទីពីយានដ្រូនរបស់អាមេរិកដែលបានធ្លាក់ បន្ទាប់ពីការស្ទាក់ចាប់របស់រុស្ស៊ីនៅលើសមុទ្រខ្មៅកាលពីថ្ងៃអង្គារ។ ឧត្តមសេនីយលោក Patrick Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថា យើងមានសញ្ញាបង្ហាញថា រុស្ស៊ីទំនងជាកំពុងខិតខំដើម្បីស្រង់យកមកវិញនូវកម្ទេចកម្ទីយានដ្រូន MQ-9។ ទោះបីជាយ៉ាងណា យើងវាយតម្លៃថា វាមិនទំនងទាល់តែសោះ ដែលរុស្ស៊ីនឹងអាចយកមកវិញនូវអ្វីដែលជាប្រយោជន៍៕
អត្ថបទ៖ ប៊ុនថន