ភ្នំពេញ៖ បណ្តាគណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសក្រុមប្រឹក្សាក្រុង-ស្រុក ត្រៀមរួចរាល់ដើម្បីចូលរួមការឃោសនាបោះឆ្នោតដែលនឹងចាប់ផ្តើមនាចុងខែមីនានេះ។
ស្របពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងធ្វើការប្រកាសសុពលភាពលើបញ្ជីឈ្មោះបោះឆ្នោតផ្លូវការរបស់តួអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក នៅថ្ងៃទី២៥ ខែមីនានេះ គ.ជ.ប ក៏បានត្រៀមការឆ្ពោះទៅដំណើរការរៀបចំឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងនៃការបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុក ដែលនឹងប្រព្រឹត្តរយៈពេល ៨ថ្ងៃ ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា សមាជិក សមាជិក និងបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនដើម្បីធ្វើសកម្មភាពឃោសនាតាមការកំណត់របស់ គ.ជ.ប ក្នុងគោលបំណងចូលរួមបំពេញរចនាសម្ព័ន្ធក្នុងមូលដ្ឋានស្របតានគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
ជាមួយគ្នានេះ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៉ិនប៉ិច លោក ញឿន រ៉ាដែន លើកឡើងថា គណបក្សហ្វ៊ុនស៉ិនប៉ិចបានត្រៀមសមាជិក សមាជិការបស់ខ្លួនរួចរាល់ចូលរួមការឃោសនាបោះឆ្នោត និងប្រកាន់ខ្ជាប់ការអនុវត្តតាមការកំណត់របស់ គ.ជ.ប។
ចំពោះអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងក្រុង-ស្រុកទាំង៥ដែលនឹងត្រូវបោះឆ្នោតជ្រើសក្រុមប្រឹក្សានោះ មានចំនួន ១៤៦នាក់ និងការិយាល័យបោះឆ្នោតក្នុងចំណោមក្រុង-ស្រុកទាំង៥ មានមណ្ឌលបោះឆ្នោតតែមួយប៉ុណ្ណោះ។
ក្រុង និងស្រុកទាំង៥ ដែលនឹងជ្រើសរើសក្រុមប្រឹក្សានោះ រួមមាន ក្រុងអរិយក្សត្រ និងស្រុកសំពៅពូន ស្ថិតក្នុងខេត្តកណ្ដាល, ក្រុងឧត្តុងម៉ែជ័យ និងស្រុកសាមគ្គីមានជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ។
គួរបញ្ជាក់ថា គណបក្សនយោបាយបីដែលចូលរួមប្រកួតប្រជែងជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ មានដូចជា គណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៉ិនប៉ិច និងគណបក្សភ្លើងទៀន ខណៈក្នុងចំណោមគណបក្សនយោបាយនីមួយៗមានបេក្ខជនពេញសិទ្ធិចំនួន ១៩រូប។






