ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១៦ មីនា ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Chris Clark ប្រធានតំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនវីសា (VISA) ដើម្បីចែករំលែកក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងគោលនយោបាយពាក់ព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សំដៅជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលកម្ពុជា។
ក្រសួងពាណិជ្ជកម្ម នៅក្រោយចប់ជំនួបការងារ បានឲ្យដឹងថា ក្នុងជំនួបនេះ ភាគីក្រុមហ៊ុន បានបង្ហាញអំពីគោលបំណងក្នុងការពង្រឹងកិច្ចប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម លើគំនិតផ្តួចផ្តើមទាក់ទងនឹងយុទ្ធសាស្រ្ត និងគោលនយោបាយនាពេលបច្ចុប្បន្ន និងអនាគត ដើម្បីជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់តាមឌីជីថលក្នុងប្រទេសកម្ពុជា បន្ទាប់ពីមើលឃើញនូវសក្តានុពលរបស់កម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តីបច្ចុប្បន្ន ដែលបានប្ដេជ្ញាចិត្តក្នុងការបន្តថែរក្សាស្ថេរភាពនយោបាយ វិបុលភាព និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវថា វិបត្តិកូវីដ-១៩ បានបង្កើតកាលានុវត្តន៍ភាព ដែលជួយជំរុញបញ្ហាឌីជីថលខ្លាំងនៅកម្ពុជា ជាពិសេសការទូទាត់តាមឌីជីថល និងវិវឌ្ឍន៍ទៅរកការទូទាត់ដោយគ្មានទំនាក់ទំនង (Contactless Payment )។
បន្ថែមពីនេះ ដើម្បីបម្រើសេវាកម្មឱ្យខិតកៀកទៅជិតពាណិជ្ជករ បង្កើតភាពងាយស្រួល កាត់បន្ថយការចំណាយ និងពេលវេលាចុះបញ្ជីពាណិជ្ជកម្ម រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា។
ឯកឧត្តម បានបន្តថា ក្នុងឆ្នាំ២០២២ ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ត្រូវបានប្រកាសទទួលជ័យលាភី ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល (Future of Government Awards ) ដែលមានគម្រោងចូលរួមប្រកួតប្រជែងចំនួន ១៥០ និងមកពី ៥២ប្រទេស សម្រាប់កម្មវិធីទាំងមូល។
នេះជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាលើឆាកអន្តរជាតិ និងជាកាលានុវត្តន៍ភាពក្នុងការប្រើប្រាស់ដោយបច្ចេកវិទ្យាឌីជីថល និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន ដោយនៅក្រោមម្លប់សុខសន្តិភាព កម្ពុជាកំពុងតែបោះជំហានឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលមួយរស់រវើក និងប្រកបដោយបរិយាប័ន្ន។
ឯកឧត្តម ប៉ាន សូរស័ក្តិ ចាត់ទុកថា ការចូលរួមរបស់ក្រុមហ៊ុន វីសា លើវិស័យទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងអង្គការផ្សេងៗក្នុងការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញាវត្ថុដល់ប្រជាជនកម្ពុជា៕




