បាល់បោះ៖ ក្រុមបាល់បោះ Philadelphia 76ers រកបានជ័យជំនះ ៦ប្រកួតជាប់គ្នាហើយក្រោយយកឈ្នះ Cleveland Cavaliers ១១៨-១០៩ នៅក្របខណ្ឌបាល់បោះអាមេរិក NBA។

កីឡាករ Joel Embiid បោះម្នាក់ឯងបាន ៣៨ពិន្ទុក្នុងជ័យជំនះនេះដើម្បីជួយ Philadelphia បន្តឈរលេខ៣ នៅភាគខាងកើត Cleveland បន្តឈរលេខ៤។ Philadelphia ឆ្លងកាត់ការប្រកួត ៦៨លើកឈ្នះ ៤៦ ចាញ់ ២២ ខណៈ Cleveland ប្រកួត ៧២លើកឈ្នះ ៤៤ ចាញ់ ២៨។ ងាកមកក្រុមការពារជើងឯក Golden State Warrior បានរងបរាជ័យក្រោមស្នាដៃ Los Angeles Clippers ១៣៤-១២៦។ Stephen Curry បោះបាន ៥០ពិន្ទុម្នាក់ឯង តែនៅតែមិនអាចជួយ Golden State គេចពីបរាជ័យបាន។ Golden State បន្តឈរលេខ ៦ នៅភាគខាងលិចឈ្នះ ៣៦ ចាញ់ ៣៤ ខណៈ Los Angeles Clippers ឡើងមកលេខ ៥ ឈ្នះ ៣៧ ចាញ់ ៣៣។
ចំណែកឯ Miami Heat បានយកឈ្នះ Memphis Grizzlies ១៣៨-១១៩ ខណៈ Memphis មិនមានវត្តមាន Superstar របស់ខ្លួន Ja Morant ដែលត្រូវរងបម្រាម ៨ប្រកួតក្រោយបង្ហោះវីដេអូកាន់កាំភ្លើងក្នុងក្លិបរាត្រីនៅលើបណ្តាញសង្គម។ គូចុងក្រោយនេះ Los Angeles Lakers ដែលមិនមានវត្តមាន LeBron James បានរងបរាជ័យក្រោមស្នាដៃក្រុមបាតតារាង Houston Rockets ១១៤-១១០៕
អត្ថបទ៖នាង សុភាវុធ