ភ្នំពេញ៖ អតីតប្រធានអាជ្ញាធរអន្តរកាលរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា UNTAC លោក យ៉ា ស៊ុ ស៊ី អាកាស៊ី បានថ្លែងថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានាពេលអនាគត គឺជាយុវជនដែលមានចំណេះដឹងខ្ពស់ និងភាពខ្លាំងដូចជាឪពុក គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានាពេលបច្ចុប្បន្ននេះ ដែលការដឹកនាំរបស់សម្តេចតេជោ បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្ដិភាព និងការរីកចំរើនលើគ្រប់វិស័យ។
តាមរយៈកិច្ចសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ BTV ពេលទស្សនៈកិច្ចនៅប្រទេសជប៉ុន លោកយ៉ា ស៊ុ ស៊ី អាកាស៊ី បានលើកឡើងថា កាលពីកន្លងទៅលោកបានជួបពិភាក្សាការងារមួយចំនួនជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ហើយពេលនោះ លោកបានមើលឃើញអំពីសក្តានុពលរបស់លោក ហ៊ុន ម៉ាណែត ថា យុវជនពិតជាខ្លាំងដូចជាឪពុករបស់លោកមែន ហើយអតីតប្រមុខ UNTACរូបនេះ ក៏បានបួងសួងឲ្យការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នាពេលអនាគតរបស់កម្ពុជានោះ ប្រកបដោយភាពរីកចំរើន និងស្របទៅតាមលទ្ធិប្រជាធិបតេយ្យយូរអង្វែងផងដែរ។
លោក យ៉ា ស៊ុ ស៊ី អាកាស៊ី ក៏បានសម្តែងនូវ មោទនភាពយ៉ាងខ្លាំងផងដែរ បន្ទាប់ពីលោកបានឃើញប្រទេសកម្ពុជាធ្លាប់តែជាប្រទេសមានសង្រ្គាមរាំរ៉ៃកាប់សម្លាប់គ្នាឯង ហើយត្រូវបានកងកម្លាំងអង្គការសហប្រជាជាតិជួយអន្តរាគមន៍ ប៉ុន្តែ បច្ចុប្បន្នកម្ពុជាបានក្លាយទៅជា ប្រទេសមួយដែលមានសមត្ថភាព និងក្លាហានបានបញ្ជូនកងកម្លាំងមួកខៀវ របស់ខ្លួនទៅកាន់ប្រទេសនានានៅលើពិភពលោក ដែលកំពុងមានសង្រ្គាម ក្រោយមានការស្នើសុំរបស់អង្គការសហប្រជាជាតិនោះ។
ដោយឡែកសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុនវិញ លោក យ៉ា ស៊ុ ស៊ី អាកាស៊ី ក៏បាន បានបញ្ចេញទស្សនផងដែរថា ប្រទេសទាំងពីរកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើ និងគ្រប់ជ្រុង ជ្រោយទាំងទ្វេភាគី និងពហុភាគី ខណៈការអះអាងរបស់លោកយ៉ាងដូច្នេះ គឺដោយសារលោកមើលឃើញ ថាកម្ពុជា និងជប៉ុនជាអ្នកកាន់សាសនាព្រះពុទ្ធដូចគ្នា ហើយប្រជាជន និងប្រជាជនឲ្យតម្លៃ និងគោរពគ្នាទៅវិញទៅមកផងដែរ៕ អត្ថបទ៖ បាន ចក់