ប្រដាល់៖ ជំនួបប្រកួតរវាង Floyd Mayweather Jr. អតីតជើងឯកប្រដាល់ពិភពលោក ៥ប្រភេទទំងន់ជាមួយអ្នកលេង Youtube, Logan Paul ក្នុងការប្រកួតរៃអង្គាសដ៏អស្ចារ្យមួយ ដែលត្រូវបានលើកពេលនោះបានប្រកាសកាលបរិច្ឆេទថ្មីហើយ។
តាមការគ្រោងទុកជំនួបរវាងអ្នកទាំង២ ត្រូវធ្វើនៅខែកុម្ភៈកន្លងទៅ តែក្រោយមកក៏បានប្រកាសលើកពេល ហើយថ្ងៃអង្គារម្សិលមិញទើបប្រកាសថា ការប្រកួតនឹងធ្វើនៅថ្ងៃទី៦ ខែមិថុនានៅកីឡដ្ឋាន Hard Rock ទីក្រុង Miami។ កីឡាករអាមេរិក Floyd Mayweather វ័យ ៤៣ ឆ្នាំបានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករប្រដាល់របស់ខ្លួន ជាមួយនឹងស្ថិតិមិនចាញ់ ៥០ប្រកួត។ Floyd ឡើងប្រកួតចុងក្រោយបំផុតកាលពីឆ្នាំ២០១៧ ដោយយកឈ្នះកំពូលកីឡាករប្រដាល់ក្នុងទ្រុង MMA, Conor McGregor ដែលជាការប្រកួតរកលុយបានច្រើនបំផុតមួយ។ ចំណែក Logan Paul បច្ចុប្បន្នវ័យ ២៥ឆ្នាំមិនមែនមិនដែលប្រកួតទេ ពោលគឺអ្នកលេង Youtube ម្នាក់នេះធ្លាប់ឡើងប្រកួតលក្ខណៈអាជីពម្តងរួចមកហើយនៅឆ្នាំ២០១៩ តែចាញ់អ្នកលេង Youtube ដូចគ្នា។
Logan Paul គឺជាអ្នកលេង Youtube ដ៏ល្បីម្នាក់ក្នុងលោក ដោយ Channel របស់គេមាន Subscriber ដល់ទៅ ២២លានគណនី ហើយ Logan Paul ធ្លាប់ប្រើពាក្យឌឺដងច្រើនដងមកហើយទៅលើ Floyd Mayweather ដោយមិនខ្លាចញញើត។ ការប្រកួតរវាង Floyd Mayweather និង Logan Paul ក៏ត្រូវបានគេគិតថានឹងរកចំនូលបានច្រើនផងដែរ៕
អត្ថបទ៖នាង សុភាវុធ