ពោធិ៍សាត់ ៖ អាជ្ញាធរខេត្តពោធិ៍សាត់បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងធ្វើឱ្យបាក់ស្ពានវែង ដែលជាស្ពានបេឡេ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ដែលបង្កឡើងដោយរថយន្តដឹកថ្មក្លាវ៉ែត បើកបរដោយឈ្មោះ វី ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករក្រុមហ៊ុន RB ដែលជាក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ១០ តែករណីនេះមិនមានអ្នករងរបួសទេ។
អាជ្ញាធរបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនRB កំពុងយករថយន្តស្ទូចមកស្ទូចរថយន្តបង្កចេញពីស្ពាន ចំណែកឯការធ្វើចរាចរណ៍ គឺអាចធ្វើចរាចរណ៍បាននៅលើស្ពានថ្មកំពុងសាងសង់ ប៉ុន្តែបានតែរថយន្តតូច និងម៉ូតូតែប៉ុណ្ណោះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា









