
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានថ្លែងថា ការកែទម្រង់របស់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំ ហើយក៏បានទទួលប្រសិទ្ធភាពខ្ពស់ផងដែរ ជាពិសេស គឺការបន្តហ្វឹកហ្វឺនជំនាញបន្ថែមនេះតែម្តង។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា និងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆ័ត្រយោងជំនាន់ទី៣៤, វគ្គហ្វឹកហ្វឺនជំនាញឆ័ត្របញ្ជាជំនាន់ទី៦, វគ្គហ្វឹកហ្វឺនជំនាញឯកទេសមុជទឹកជំនាន់ទី៩ និងវគ្គហ្វឹកហ្វឺនជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថាវាជាការចាំបាច់បំផុត ចំពោះកងយោធពលខេមរភូមិន្ទដែលត្រូវធ្វើការ ខណៈការកែនេះវានឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខស្របទៅតាមការវិវត្តប្រែប្រួលនៃសភាពការណ៍, និងទី ការធានាភាពម្ចាស់ការឯករាជ្យក្នុងការហ្វឹកហ្វឺន ដើម្បីពង្រឹងនិរន្តភាពនៃសមត្ថភាពឆ្លើយតបរបស់កងទ័ពជាដើម។
នៅក្នុងពិធីនោះដែរ នាយឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលការងារទាំងឡាយ ដែលបញ្ជាការដ្ឋានទ័ពពិសេសខិតខំសម្រេចបានក្នុងឆ្នាំ២០២២ កន្លងទៅនេះ ទាំងលើការបំពេញភារកិច្ចស្នូល, ភារកិច្ចជំនាញ និងការសហការការពារសន្តិសុខ ស្ថិរភាពសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរ ខណៈដែលជាឆ្នាំដ៏មមាញឹកមួយសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ដែលត្រូវទទួលភារកិច្ចក្នុងការរៀបចំកិច្ចប្រជុំថ្នាក់តំបន់ និងថ្នាក់សាកលសំខាន់ៗជាច្រើន ហើយក៏ជាឆ្នាំនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ផងដែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្តទៀតថា បញ្ជាការដ្ឋានទ័ពពិសេសពិតជាបានយកចិត្តទុកដាក់គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក តាមរយៈការធានាបានទាំងស្រុងនូវតួនាទីក្នុងនាមជាកម្លាំងអន្តរាគមន៍ត្រៀមប្រយុទ្ធគ្រប់ពេលវេលា និងការចូលរួមដោះស្រាយយថាហេតុផ្សេងៗ ទាំងការឆ្លើយតបចំពោះវិបត្តិនៃជំងឺកូវីដ-១៩ និងការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗជាដើម។
នាយឧត្តមសេនីយ៍ ក៏បានសូមអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានតស៊ូព្យាយាមហ្វឹកហ្វឺនរៀនសូត្រ និងអត់ធន់ជម្នះការលំបាករហូតបានបញ្ចប់វគ្គដោយជោគជ័យជាមួយនឹងលទ្ធផលគួរជាទីមោទនៈ ហើយសង្ឃឹមថាប្អូនៗនឹងប្រើប្រាស់ចំណេះដឹងទាំងផ្នែកទ្រឹស្តី និងការអនុវត្តទទួលបានពីវគ្គហ្វឹកហ្វឺន សម្រាប់យកទៅបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់












