
អន្ដរជាតិ៖ ក្រុមអាជ្ញាធរនិយាយថា កម្មករអណ្តូងរ៉ែ ១០នាក់ កំពុងបាត់ខ្លួន ហើយមនុស្ស ២១នាក់ បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្មីនៅភាគកណ្តាលប្រទេសកូឡុំប៊ី។ ហេតុការណ៍ផ្ទុះអណ្តូងរ៉ែនេះ បានកើតឡើងកាលពីល្ងាចថ្ងៃអង្គារកន្លងទៅ នៅតំបន់ជនបទ Sutatausaស្ថិតនៅចម្ងាយប្រហែល ៧៥គ.មភាគខាងជើងទីក្រុង Bogota។ ទីភ្នាក់ងារអណ្តូងរ៉ែជាតិនិយាយនៅលើបណ្តាញព័ត៌មានសង្គម Twitterថា ការងារនៅក្នុងអណ្តូងរ៉ែ ត្រូវបានផ្អាក ហើយការស៊ើបអង្កេតលើមូលហេតុដែលបណ្តាលឲ្យផ្ទុះអណ្តូងរ៉ែ បានធ្វើឡើង។
គួរឲ្យដឹងថា ឧប្បត្តិហេតុគ្រោះថ្នាក់ធ្ងន់ធ្ងរ បានក្លាយជារឿងធម្មតាទៅហើយនៅតាមអណ្តូងរ៉ែធ្យូងថ្ម និងអណ្តូងរ៉ែមាស ក្នុងប្រទេសកូឡុំប៊ី ភាគច្រើននៅតាមអណ្តូងរ៉ែខុសច្បាប់ និងអណ្តូងរ៉ែគ្មានវិធានការសុវត្ថិភាពត្រឹមត្រូវ៕
