ឥណ្ឌា៖ ចំនួនអ្នកស្លាប់សរុបដោយសារជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងជាង ២០ម៉ឺននាក់គិតត្រឹមថ្ងៃពុធម្សិលមិញ ស្របពេលដែលរលកថ្មីនៃករណីឆ្លងឥតឈប់ឈរ ធ្វើឲ្យមន្ទីរពេទ្យផ្ទុកអ្នកជំងឺលើសចំណុះ ហើយក្រុមគ្រួសារអ្នកជំងឺចេញក្រៅតាមផ្លូវនៅក្នុងរដ្ឋធានី ដើម្បីស្វែងរកការផ្គត់ផ្គង់អុកស៊ីសែន និងឱសថ។

ប្រទេសនៅក្នុងតំបន់អាស៊ីខាងត្បូងមានប្រជាពលរដ្ឋជាង ១.៣ពាន់លាននាក់មួយនេះកំពុងទប់ទល់ករណីឆ្លងថ្មី ៣៦ម៉ឺននាក់ ដែលជាចំនួនឆ្លងច្រើនបំផុតប្រចាំថ្ងៃនៅលើពិភពលោក និងរាយការណ៍ករណីស្លាប់ថ្មីជាង ៣ពាន់នាក់កាលពីថ្ងៃពុធ។ ជាមួយនឹងការផ្តល់ក្តីសង្ឃឹមតិចតួច ស្ថាបនិកបង្កើតក្រុមហ៊ុន BioNTech ដែលបានផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាមួយក្រុមហ៊ុន Pfizer បាននិយាយថា លោកនៅតែមានជំនឿចិត្តចំពោះការចាក់វ៉ាក់សាំង ប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មីដែលកំពុងញាំញីប្រទេសឥណ្ឌា។ នៅក្នុងរដ្ឋញូវដែល្លី ចំណតរថយន្តបានប្រែក្លាយទៅជាឈាបនដ្ឋានបូជាសាកសព ហើយចំនួនសាកសពដ៏ច្រើនបានធ្វើឲ្យខ្វះខាតអូសសម្រាប់បូជាផងដែរ។ ដោយឡែកសាច់ញាតិអ្នកជំងឺបានជួបជុំគ្នានៅក្រៅមន្ទីរពេទ្យ និងឱសថស្ថានដើម្បីស្វែងរកការព្យាបាល និងថ្នាំពេទ្យ៕
អត្ថបទ៖ សារ៉ាត់