ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះពីការរកឃើញមនុស្សដល់ទៅ ៨៨០នាក់ទៀតបានឆ្លងមេរោគកូវីដ-១៩ ដែលនេះជាតួលេខឆ្លងច្រើនបំផុតក្នុងមួយថ្ងៃ ដែលកម្ពុជាមិនធ្លាប់ប្រកាសកាលពីមុននោះឡើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់នេះ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីដែលប្រកាសនៅថ្ងៃនេះ ត្រូវបានរកឃើញច្រើនជាងគេនៅរាជធានីភ្នំពេញរហូតដល់ ៥១៨នាក់ បន្ទាប់មកខេត្តព្រះសីហនុរកឃើញអ្នកឆ្លងថ្មី ១៨៧នាក់ ខណៈដែលខេត្តកណ្ដាលបានរកឃើញអ្នកឆ្លងថ្មីចំនួន ៧៣នាក់។
ក្រសួងសុខាភិបាលបានឱ្យដឹងទៀតថា ខេត្តកំពង់ចាមរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៣៩នាក់បន្ថែមទៀត ហើយបន្ទាប់មកខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងថ្មី ៣៦នាក់ទៀត។
ចំណែកខេត្តដែលរកឃើញអ្នកឆ្លងថ្មីត្រឹមខ្ទង់រាយ មានខេត្តកំពង់ស្ពឺរកឃើញអ្នកឆ្លងថ្មី ០៩នាក់ ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី ០៥នាក់ បន្ទាប់មកខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង រកឃើញអ្នកឆ្លងថ្មី ០៤នាក់ ០៣នាក់ និង ០២នាក់ ខណៈដែលខេត្តត្បូងឃ្មុំ កោះកុង ពោធិ៍សាត់ និងសៀមរាប រកអ្នកឃើញអ្នកឆ្លងថ្មីត្រឹមតែ ១នាក់ប៉ុណ្ណោះនៅក្នុងខេត្តនីមួយៗ។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុបដល់ទៅ ១២ ៦៤១នាក់ហើយ បានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងដំបូងកាលពីចុងខែមករាឆ្នាំមុន ក្នុងនោះអ្នកឆ្លងមេរោគកូវីដ-១៩ដល់ទៅ ១២ ០៩០នាក់ ឬជាង ៩៥ភាគរយ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ក្រសួងសុខាភិបាល ក៏បានប្រកាសឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩សរុប ៤ ,៩៨៦នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មីចំនួន ២៨៨នាក់ទៀត ដែលក្រសួងប្រកាសនៅថ្ងៃនេះ ខណៈអ្នកជំងឺកូវីដ-១៩ចំនួន ៧,៥៥៧នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕