កម្មករព័រទុយហ្គាល់រាប់ពាន់នាក់ នាំគ្នាតវ៉ានៅទីក្រុង Lisbon ដើម្បីទាមទារដំឡើងប្រាក់បៀវត្សរ៍ និងប្រាក់សោធន៍និវត្តន៍ខ្ពស់ជាងមុន ក៏ដូចជាទាមទារឲ្យមានការអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាតម្លៃចំណីអាហារកើនឡើង ។
អ្នកស្រី Paula Gonçalves វ័យ ៥១ គឺជាកម្មករមួយរូបនៅរោងចក្រដែក និយាយថា ពួកយើងតវ៉ានៅទីនេះ ដើម្បីប្រឆាំងនឹងប្រាក់បៀវត្សរ៍ទាប ភាពមិនច្បាស់លាស់ និងទាមទារឲ្យមានយុត្តិធម៌ជាងនេះសម្រាប់កម្មករ ។
អ្នកស្រីបន្តថា ពួកយើងគឺជាកម្មករ បានផលិត និងផ្តល់អ្វីៗគ្រប់បែបយ៉ាង ចំណាយអស់កម្លាំងញើសឈាមរបស់ពួកយើង តែប្រាក់ចំណេញបែរទៅជាបានលើពួកគេវិញ ។ សម្រាប់កម្មករ ទទួលបានប្រាក់តិចតួចប៉ុណ្ណោះ ប៉ុន្តែសម្រាប់និយោជកវិញ ទទួលបានប្រាក់រាប់រយលានដុល្លារ ។
សហជីប CGTP ដែលជាសហជីពធំបំផុតនៅព័រទុយហ្គាល់អំពាវនាវឲ្យមានបាតុកម្មនេះ បានទាមទារឲ្យដំឡើងប្រាក់បៀវត្សរ៍ និងប្រាក់សោធន៍និវត្តន៍ចំនួន ១០ភាគរយជាបន្ទាន់ ហើយនិងចង់ឲ្យកំណត់តម្លៃចំណីអាហារសមរម្យ ។
គួរឲ្យដឹងថា ព័រទុយហ្គាល់ស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតនៅអឺរ៉ុប ហើយទិន្នន័យផ្លូវការបង្ហាញថា កម្មករជាង ៥០ភាគរយ រកបានប្រាក់បៀវត្សរ៍ តិចជាង ១ពាន់អឺរ៉ូ ក្នុង១ខែ កាលពីឆ្នាំមុន ស្របពេលដែលប្រាក់បៀវត្សរ៍ ទាបបំផុត មានចំនួន ៧៦០អឺរ៉ូ ក្នុង ១ខែ ៕
