នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida និយាយថា ប្រទេសរបស់លោក នឹងតាមដានការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លើករណីឧក្រិដ្ឋកម្មសង្រ្គាមរបស់លោក Vladimir Putin បន្ទាប់ពីតុលាការមួយនេះ ចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីរូបនេះ ។
លោក Kishida ថ្លែងបែបនេះ អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍នៅទីក្រុងតូក្យូ ជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ដែលបាននិយាយថា ចំណាត់ការរបស់ ICCបង្ហាញយ៉ាងច្បាស់ថា គ្មាននរណាម្នាក់អង្គុយលើច្បាប់បាននោះទេ ។
លោក Kishida និយាយថា រូបលោក និងលោក Scholz បានពិភាក្សាផងដែរលើបញ្ហាសន្តិសុខសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការរឹងមាំជាងមុនរវាងប្រទេសទាំង ២ លើវិស័យសំខាន់ៗជាច្រើន ។
សូមបញ្ជាក់ថា ជប៉ុន គឺជាប្រទេសដៃគូរពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់នៅអាស៊ី បន្ទាប់ពីចិន ក្នុងនោះទំហំសេដ្ឋកិច្ចរវាងប្រទេសទាំង ២ កើនឡើងដល់ ៤៩.៥ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២ ៕
