ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង សូមឱ្យសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន។

ខណៈអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាជាង៣០០០នាក់ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ឃួង ស្រេង សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានសូមឱ្យសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងសមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។

ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា នេះជាការយល់ឃើញយ៉ាងត្រឹមត្រូវរបស់បងប្អូន ដែលបានសម្រេចចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើនជឿនលឿនទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមក៏បានលើកឡើងពីទុក្ខវេទនាយ៉ាងខ្លាំងបំផុតរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងរបប ប៉ុល ពត ដែលមានការបង្អត់អាហារ ការកាប់សម្លាប់យ៉ាងព្រៃផ្សៃអស់រាប់លាននាក់ និងលើកឡើងពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការរំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅងងឹតនោះ និងបានកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនរហូតមកដល់បច្ចុប្បន្ននេះ។ មិនត្រឹមតែប៉ុណ្ណោះទេ សម្តេចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះអាយុជីវិតប្រជាពលរដ្ឋពីការរីករាលដាលពីជម្ងឺកូវីដ-១៩ថែមទៀត។ នេះជាមោទនៈភាពដែលយើងមានមេដឹកនាំបក្ស និងមេដឹកនាំប្រទេសដ៏មានគុណធម៌ល្អបែបនេះ។
លោក ធឹម សំអាន សមាជិកគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌព្រែកព្នៅ បានឱ្យដឹងថា សមាជិកគណបក្សថ្មី ដែលត្រូវបានប្រកាសបញ្ចូលនាពេលនេះមានចំនួន ៣,៣៧៦ នាក់ មកពី៥សង្កាត់ ក្នុងខណ្ឌព្រែកព្នៅ៕









