បន្ទាយមានជ័យ ៖ មន្ត្រីកាំកុងត្រូលប្រមូល បានផលិតផលម្ហូបអាហារខូចគុណភាពប្រមាណជិត៩០០ គីឡូក្រាម ធ្វើការដុតបំផ្លាញចោល នាព្រឹកថ្ងៃទី១៨ខែតុលា ឆ្នាំ២០១៨ ក្នុងបរិវេណមន្ទីរពិសោធន៍។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រយៈពេល៣ខែមកនេះ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្ត បានសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា អយ្យការ ចុះអង្កេតលើទីផ្សារ និងបញ្ជរលក់តាមគេហដ្ឋាន ទូទាំងខេត្ត និងនៅតាមច្រកនានា ជាពិសេសច្រកប៉ោយប៉ោយ បានចំនួន១០លើក។ ក្នុងនោះ មន្ត្រីជំនាញ បានដកហូតផលិតផលម្ហូបអាហារ ខូចគុណភាព ហួសកាលបរិច្ឆេទ ប្រើប្រាស់ បានចំនួន៨៩៦គីឡូក្រាម ក្នុងនោះ មានដំណាប់កន្ទួត ទឹកក្រូច…..។ ល។
លោក សាន វិជ្ជាសារ៉ាវុធ បានបន្តថា ផលិតផលទាំងនេះគឺ មិនមានគុណភាព អនាម័យ និងសុវត្ថិភាព សម្រាប់មនុស្សយកមកបរិភោគបានឡើយ និងគ្មានអនុលោម ភាពស្របច្បាប់ស្តីពី (ការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា)។
នៅក្នុងឱកាសនោះ លោកប្រធានសាខា បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាន គ្រប់មុខសញ្ញាទាំងឡាយណាដែលធ្វើពាណិជ្ជកម្ម លើផលិតផលទំនិញដែលច្បាប់ហាមឃាត់។
ក្រោយពីបានដកហូត និងយល់ព្រមពីព្រះរាជអាជ្ញាទើបសមត្ថកិច្ចជំនាញកាំកុងត្រូលសម្រេចធ្វើការដុតបំផ្លាញតែម្តង៕







