អ៊ីស្រាអែល៖ អ៊ីស្រាអែល និងប៉ាឡេស្ទីនបានសន្យានៅឯជំនួបមួយក្នុងប្រទេសអេហ្ស៊ីប ដើម្បីចាត់វិធានការបន្ធូរបន្ថយភាពតានតឹងមុនរដូវកាលពិធីបុណ្យឈប់សម្រាករ៉ាម៉ាដាន (Ramadan) រួមទាំងការផ្អាកដោយផ្នែកលើសកម្មភាពសាងសង់លំនៅឋានរបស់អ៊ីស្រាអែល និងការព្រមព្រៀងធ្វើការរួមគ្នាដើម្បីបញ្ឈប់ និងប្រឆាំងអំពើហិង្សា។

ក្រុមជនជាតិប៉ាឡេស្ទីនបានតវ៉ានៅក្នុងទីក្រុង Hebron និងតំបន់ Gaza កាលពីថ្ងៃអាទិត្យ ទី១៩ មីនា ប្រឆាំងការជួបពិភាក្សារវាងក្រុមមន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីននៅអេហ្ស៊ីបក្នុងបំណងបញ្ឈប់ការកើនឡើងនៃអំពើហិង្សានៅតំបន់ West Bank មុនពិធីបុណ្យខែពិសិដ្ឋរ៉ាម៉ាដានរបស់សាសនាអ៊ីស្លាម។ ក្រុមគណៈប្រតិភូអ៊ីស្រាអែល និងប៉ាឡេស្ទីនបានជួបគ្នាលើកទី២ កាលពីថ្ងៃអាទិត្យក្នុងរយៈពេលមិនដល់មួយខែផង ដែលត្រូវបានសម្របសម្រួលដោយក្រុមសម្ព័ន្ធមិត្តក្នុងតំបន់គឺអេហ្ស៊ីប និងហ្ស៊កដានី ព្រមទាំងសហរដ្ឋអាមេរិកដើម្បីបញ្ឈប់ភាពរំជើបរំជួលនៃអំពើហិង្សារយៈពេលមួយឆ្នាំមកនេះ។
ជនជាតិប៉ាឡេស្ទីនជាង ២០០នាក់ត្រូវបានសម្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល និងជនជាតិអ៊ីស្រាអែល ឬជនបរទេសជាង ៤០នាក់បានស្លាប់ក្នុងការវាយប្រហាររបស់ប៉ាឡេស្ទីនអំឡុងពេលនោះ។ ក្រោយជំនួបកំពូលកាលពីថ្ងៃអាទិត្យនៅរមណីយដ្ឋានសមុទ្រក្រហម Sharm El Sheikh របស់អេហ្ស៊ីប រដ្ឋមន្ត្រីការបរទេសប្រទេសនេះបាននិយាយថា ភាគីទាំង២ បានបញ្ជាក់ជាថ្មីពីការប្ដេជា្ញចិត្តក្នុងការបន្ធូរបន្ថយ និងទប់ស្កាត់អំពើហិង្សាថែមទៀត៕ អត្ថបទ៖ សុខមាន
