អេក្វាឌ័រ៖ យោងតាមក្រុមមន្ត្រីរដ្ឋាភិបាល ចំនួនអ្នកស្លាប់ក្រោយគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រនៅប្រទេសអេក្វាឌ័រភាគខាងត្បូងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះបានកើនឡើងដល់ ១៦នាក់។

សារព័ត៌មាន CNN បានរាយការណ៍ថា យោងតាមមជ្ឈមណ្ឌលភូគព្ភសាស្ត្រសហរដ្ឋអាមេរិក ការរញ្ជួយបានកក្រើកជិតទីក្រុង Baláo ភាគខាងត្បូង និងមានជម្រៅជាង ៦៥គីឡូម៉ែត្រ។ អគ្គលេខាធិការដ្ឋានទំនាក់ទំនងរបស់ប្រធានាធិបតីអេក្វាឌ័រ បានសរសេរនៅលើគណនីធ្វីតទ័រផ្លូវការរបស់ខ្លួនថា មនុស្សប្រមាណ ៣៨១នាក់បានរងរបួសនៅក្នុងការរញ្ជួយដីនេះ។ នៅក្នុងខេត្ត El Oro មនុស្សយ៉ាងហោចណាស់ ១១នាក់ស្លាប់ និងមនុស្សម្នាក់ត្រូវបានរាយការណ៍ថាបានស្លាប់នៅខេត្ត Azuay របស់ប្រទេសអេក្វាឌ័រ។ នៅក្នុងសេចក្ដីថ្លែងការណ៍មុននេះក្រុមអាជ្ញាធរបាននិយាយថា មនុស្សម្នាក់បានស្លាប់នៅក្នុងខេត្ត Azuay នៅពេលជញ្ជាំងបាក់សង្កត់លើរថយន្ត និង ៣នាក់នៅក្នុងខេត្ត El Oro បានស្លាប់ដោយសារបង្គោលបំពាក់កាមេរ៉ាសន្តិសុខដួលសង្កត់៕ អត្ថបទ៖ សុខមាន
