ស្ទឹងត្រែង៖ សត្វផ្សោតឈ្មោលមួយក្បាលមានទំងន់ជាង ១៦០គីឡូក្រាម ប្រវែង ២ ម៉ែត្រ.៣៨ អាយុប្រមាណ២០ឆ្នាំ មានស្នាមជាប់មងនៅផ្នែកកន្ទុយព្រុយចំហៀង និងខាងក្រោមពោះ មានពាក់លេខសម្គាល់០៥៦បានងាប់ដោយសារជាប់មង ។
ករណីងាប់សត្វផ្សោតនេះ ប្រជាពលរដ្ឋបានប្រទះឃើញ អណ្តែតទឹក នៅវេលាម៉ោង ៦ និង ៣០នាទីព្រឹកថ្ងៃទី១៩មីនា ឆ្នាំ២០២៣ស្ថិតនៅ តំបន់អភិរក្សអន្លុងសត្វផ្សោត កោះកាំងកូនសត្វ ឃុំកោះព្រះ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។
មន្ត្រីឆ្នាំទន្លេ ប្រចាំការនៅអន្លុងត្បូងខ្លា បានបញ្ជាក់ថា មន្ត្រីជំនាញមិនទាន់កំណត់បានថា សត្វផ្សោតឈ្មោលដែលងាប់នេះ វារស់នៅក្នុងអន្លុងផ្សោតណាមួយពិតប្រាកដទេ ហើយផ្នែកជលផល បានទាក់ទងទៅអង្គការ WWF ដើម្បីឱ្យមន្ត្រីជំនាញមកស្រាវជ្រាវ និងមកធ្វើកោសល្យវិច័យ ហើយនាំយកសាកសពសត្វផ្សោតនេះទៅរក្សាទុក ។
លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានឱ្យបញ្ជាក់ថា សត្វផ្សោតជាធនធានដ៏កម្រត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រិត្យលេខ៤៧ អន ក្រ ប កចុះថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៣ ឱ្យធ្វើការអភិរក្ស ហើយខណ្ឌជលផលស្ទឹងត្រែង ក៏បានផ្សព្វផ្សាយអនុក្រិត្យនេះទៅដល់ប្រជាអ្នកនេសាទរួចមកហើយដែរ។
ចំពោះការងាប់សត្វផ្សោតឈ្មោលមួយក្បាលនេះ ប្រជាពលរដ្ឋ ស្នើសុំឱ្យមន្ត្រីជំនាញពាក់ព័ន្ធរឹតបន្តឹងច្បាប់ជលផល និងចុះធ្វើសកម្មភាព ល្បាតឱ្យបានញឹកញាប់តាមអន្លុងអភិរក្សនិងមិនអត់ឱនចំពោះជនសង្ស័យណា យកមងឬសន្ទូចទៅដាក់ក្នុងតំបន់ហាមឃាត់នោះទៀតឡើយ។
សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង នៅមានអន្លុង អភិរក្សសត្វផ្សោតចំនួន៣ -ទីមួយកោះសន្ទក់- ទី២ អន្លង់កោះកាំងកូនសត្វ -និងទី៣អន្លង់ត្បូងខ្លា ដែលកំពុងអភិរក្ស និងការពារសត្វផ្សោតដែលនៅសេសសល់មិនដល់ទៅ៣០ក្បាល ហើយបច្ចុប្បន្នបានងាប់ជាបន្តបន្ទាប់ទៀត ៕




