ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣ បានបន្ដពិភាក្សាគ្នាពីការប្រារព្ធព្រះរាជពិធីព្រះរាជប្រទានព្រះអគ្គិកីឡាដែលធ្វើឡើងនៅថ្ងៃទី២១ ខែមីនា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តសៀមរាបនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ដ្រៃយ៍នៃគណកម្មាធិការជាតិ CAMSOC-CAMAPGOC។ ជាមួយគ្នានោះដែរ ប្រធានអង្គប្រជុំក៍បានណែនាំបន្ថែមដល់អាជ្ញាធរខេត្ត ជាពិសេសកម្លាំងសមត្ថកិច្ចចម្រុះត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់រៀបរយជូនដល់ថ្នាក់ដឹកនាំ រួមនឹងសាធារណៈជនទូទៅ។
ជាមួយគ្នានោះ ឯកឧត្ដមបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅចូលរួមឲ្យបានទាំងអស់គ្នា តាមរយៈការរៀបចំតាមគេហដ្ឋានផ្ទាល់ខ្លួនដោយមានការចងបដា និងទង់ជាតិខ្មែរយើងឲ្យបានច្រើនកុះករ ដើម្បីជាការជួយលើកសោភ័ណ្ឌភាព និងបង្ហាញ់ពីមោទនភាពសម្រាប់កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រៀបចំនូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ។ ស៊ីហ្គេម ២០២៣ ដែលដំណើរការប្រកួតពីថ្ងៃទី២៩ ខែមេសាដល់ថ្ងៃទី១៧ ខែឧសភា មាន ៣៦ប្រភេទកីឡា ខណៈអាស៊ានប៉ារ៉ាហ្គេមដែលដំណើរការប្រកួតពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនាខាងមុខមាន ១២ប្រភេទកីឡា៕