បាល់ទាត់៖ កីឡដ្ឋានស្ដង់ដារអន្ដរជាតិថ្មីមួយទៀត ត្រៀមបង្ហាញវត្តមានលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមការសាងសង់ដោយក្លិបបាល់ទាត់អង្គរថាយហ្គឺរជាមួយដៃគូ បន្ទាប់ពីក្លិបបានស្វែងរកទីតាំងដីរួចរាល់។
លោក Akihiro Kato ប្រធានក្លិបបាល់ទាត់មានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ បានទម្លាយប្រាប់ក្រុមការងារ BTV-News ពេលនេះក្លិបបានរកទីតាំងរួចរាល់ហើយ ដើម្បីសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនដែលមានផ្ទៃដីប្រមាណ ៥ម៉ឺនម៉ែត្រការ៉េ ហើយគ្រោងនឹងធ្វើការសាងសង់នាពេលខាងមុខរហូតដល់ខែសីហា ឆ្នាំ២០២៤ ទើបបញ្ចប់។ អ្វីដែលពិសេស ជាមួយគម្រោងសាងសង់កីឡដ្ឋានស្ដង់ដារនេះ បុរសជនជាតិជប៉ុនដដែលថាមិនត្រឹមតែផ្ដោតលើការប្រកួត និងការអភិវឌ្ឍធនធានយុវជននោះទេ តែលោកក៏រំពឹងថានឹងក្លាយជាកីឡដ្ឋានដំបូង ដែលក្រៅពីថ្ងៃប្រកួត មនុស្សអាចទៅលេងកម្សាន្ដ និងទទួលបាននូវសេវាផ្សេងៗផងដែរ។
គួរដឹងថា ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ មុនប្ដូរមូលដ្ឋានទៅខេត្តសៀមរាបនៅឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន ដោយប្រើប្រាស់កីឡដ្ឋានមួយចំនួនបម្រើឲ្យការប្រកួតរបស់ខ្លួន មុនក្លិបប្រកាសត្រៀមសាងសង់កីឡដ្ឋានផ្ទាល់ខ្លួននាពេលឆាប់ៗខាងមុខ។ នេះគឺជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រនៅខេត្តសៀមរាប តែលោក Akihiro Kato ពុំទាន់បញ្ជាក់លម្អិតពីទីតាំងត្រូវសាងសង់នោះទេ ដោយគ្រាន់តែអះអាងថា ធ្វើដំណើរប្រមាណ ១៥នាទីប៉ុណ្ណោះពីកណ្ដាលក្រុងសៀមរាប៕
អត្ថបទ៖ លី ឈុនឡា