ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ដល់បណ្ដាក្រសួងស្ថាប័នឱ្យបង្កើនភាពជាម្ចាស់ក្នុងការធ្វើកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួងស្ថាប័ន ដោយរដ្ឋមន្រ្ដី និងប្រធានស្ថាប័នត្រូវជំរុញការអនុវត្តនេះប្រកបដោយភាពជាម្ចាស់ស្របតាមគោលការរបស់រាជរដ្ឋាភិបាល។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីទទួលបានអភិបាលកិច្ចល្អ គឺត្រូវការសមាសភាពសំខាន់ៗចំនួន៤ ជាកម្មវត្ថុនៃការកែទម្រង់ គឺ«៣បូក១»។ សមាសភាពសំខាន់ៗទាំងនោះរួមមាន ទី១ ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស័កសិទ្ធភាព។ ទី២ ធនធានមនុស្ស និងស្ថាប័នសាធារណៈ ប្រកបដោយគុណភាព ភាពស្អាតស្អំ និងសមត្ថភាព ។ ទី៣ការកំណត់បែងជែកមុខងារច្បាស់លាស់ការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ និងការសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព និងទី៤ ប្រព័ន្ធច្បាប់ និងយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព។
សម្ដេចតេជោ ក៏បានជំរុញឱ្យក្រសួង ស្ថាប័ន បន្តខិតខំអនុវត្តឱ្យបានរីកចម្រើនបន្ថែមទៀតនូវវិស័យឌីជីថលស្របតាមគ្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ដោយធ្វើឱ្យប្រទាក់ក្រឡាគ្នាជាមួយនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដ៏ដូចជាកម្មវិធីកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖វ៉ន ដារ៉ា